សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូ នៃសមាគមអ្នកនិពន្ធខ្មែរ ចូលជួបសំដែងការគួរសម និងលើកទឹកចិត្តឱ្យចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជា

អត្ថបទ៖ លោក ហ៊ន សុភ័ក្រ
រូប៖ លោក អេង សុគុណ និងលោក លឹម មុនី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា បានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគត របស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឲ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជា។
នៅក្នុងជំនួបសំដែងការគួរសម ដែលធ្វើឡើងនៅវិមាន ៧មករា ព្រឹកថ្ងៃទី២០ វិច្ឆិកា ឯកឧត្តម ជ័យ ចាប បានសំដែង នូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យប្រតិភូ នៃសមាគមអ្នកនិពន្ធខ្មែរ បានចូលជួបសំដែងការគួរសម បើទោះបីជារូបសម្តេចមានការងារមមាញឹកជាច្រើនយ៉ាងណាក្តី។
ឯកឧត្តម ព្រីង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជំរាបជូនសម្តេចតេជោពីសកម្មភាពការងារនាពេលកន្លងទៅ របស់សមាគមអ្នកនិពន្ធខ្មែរលើការប្រមូលផ្តុំអ្នកស្រាវជ្រាវ ការចងក្រងតែងនិពន្ធ លើការដែលរាជរដ្ឋាភិបាលសំរេចបាន។ ឯកឧត្តមប្រធានបានជំរាបជូនសម្តេចតេជោ ពីការរៀបចំប្រឡងស្នាដៃតែងនិពន្ធប្រចាំឆ្នាំ របស់សមាគមក្រោមប្រធានបទ “ពានរង្វាន់ ៧មករា សន្តិភាព “ដែលគ្រោងធ្វើនៅពេលខាងមុខ។ ឯកឧត្តមប្រធានក៏បានជំរាបជូនសម្តេចតេជោ ពីគោលបំណង នៃការរៀបចំឲ្យមានការជួបជុំ នៃអ្នកនិពន្ធរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីធ្វើការពិភាក្សាលើការងារសិក្សាស្រាវជ្រាវ និងទិសដៅទៅថ្ងៃអនាគត លើស្នាដៃតែងនិពន្ធ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំដែង នូវការគាំទ្រពីគោលបំណង និងទិសដៅរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានសំរេចនូវស្នាដៃមួយចំនួន នាពេលកន្លងមក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះស្នាដៃរបស់អ្នកនិពន្ធ ខ្មែរ ប៉ុន្តែសម្តេចស្នើឲ្យមានការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យស្នាដៃរបស់អ្នកនិពន្ធកាន់តែទទួលបាននូវភាពល្បីល្បាញ និងមានកេរ្តិឈ្មោះ។
សម្តេចបានស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យមើលលើតែងនិពន្ធរឿងអប់រំខ្លីៗ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម រឺក្នុងទីកតុក ដែលមានផ្នែកខ្លះខុសពីសច្ចៈភាពរបស់សង្គម ខុសការពិតធ្វើឲ្យប៉ះពាល់ដល់សង្គម។ សម្តេចតេជោមានប្រសាសន៍បន្តថា បើសរសេរពីប្រវត្តិសាស្រ្តអ្នកនិពន្ធត្រូវយល់ឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឱ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ។
ក្នុងជំនួបគ្នានោះ សម្តេចតេជោបានគាំទ្រឲ្យមានការប្រឡងតែងនិពន្ធ “ពានរង្វាន់៧មករា សន្តិភាព “ និងគាំទ្រឱ្យមានការជួបជុំអ្នកកនិពន្ធបណ្តាប្រទេសទន្លេមេគង្គ និគាំទ្រឱ្យមានទិវា នៃអ្នកនិពន្ធនាពេលខាងមុខ៕



