រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ជំងឺទឹកនោមផ្អែម អាចបង្ការបានតាមរយៈការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅ និងការទទួលទានអាហារដែលមានសុខភាព

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមចម្បង គឺបណ្តាលមកពីទំលាប់នៃការទទួលទានអាហារមិនល្អសម្រាប់ការទ្រទ្រង់សុខភាព និងទំលាប់មិនបានបញ្ចេញពលកម្ម ឬធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់ជាប់ជាប្រចាំ។ ជាមួយគ្នានេះ ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជាជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ។
ការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត ក៏ប៉ុន្តែជំងឺទឹកនោមផ្អែមអាចបង្ការបានតាមរយៈការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅប្រកបដោយសុខភាពដូចជា ការបរិភោគអាហារដែលមានសុខភាពល្អ (កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ) ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រិតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងឈប់ពិសារបារី។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធី ទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO) បានធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
គោលបំណងចំបងនៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំនេះគឺ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ ការបង្ការ និងការព្យាបាលទាន់ពេលវេលា ។ លើកទឹកចិត្តបុគ្គលដែលមានហានិភ័យក្នុងការស្វែងរកការធ្វើតេស្តរកជំងឺទឹកនោមផ្អែមនិងជំរុញការផ្លាស់ប្តូរ ឥរិយាបទតាមរយៈការផ្លាស់ប្តូរទម្លាប់ និងសកម្មភាពផ្ទាល់ខ្លួន ឆ្ពោះទៅរករបៀបរស់នៅដែលមានសុខភាពល្អ។
ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំងឺទឹកនោមផ្អែម នៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។
នៅប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព២% ក្នុងចំណោមករណីស្លាប់ទាំងអស់ ហើយមានអត្រាប្រេវ៉ាឡង់៩.៦% (ផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅប្រទេសកម្ពុជាឆ្នាំ២០១៦)។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ប្រជាជនកម្ពុជាជិត៦ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផេ្សងទៀត (NCDs) ដែលស្មើនឹង៦៤% នៃការស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុផ្ទាល់នៃការស្លាប់ដែលមានចំនួន១.៥លាននាក់ ចំពោះអ្នកដែលមានអាយុក្រោម៧0ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨% នាឆ្នាំ២០១៩ នៅទូទាំងពិភពលោក។
បន្ថែមពីលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវ ជម្រុញលើកទឹកចិត្តអ្នកជំងឺទឹកនោមផ្អែម ចែករំលែកបទពិសោធន៍ក្នុងការរស់នៅទាំងមុនពេល និងអំឡុងពេលមានជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋទូទៅ សម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងថែទាំសុខភាព ឱ្យកាន់តែប្រសើរឡើង និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រឈមហានិភ័យ ឬមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម ត្រូវមកធ្វើតេស្តស្វែងរកជំងឺទឹកនោមផ្អែម នៅមណ្ឌលសុខភាព ឫមន្ទីរពេទ្យដែលនៅជិតបំផុត៕
ដោយ៖ គង់ វណ្ណៈ












