សង្គម

បុណ្យភូមិមានជើង នៅខេត្តក្រចេះ ដែលបង្ហាញពីវប្បធម៌ប្រពៃណីរបស់ខ្មែរ រយៈពេលបីថ្ងៃ បានទាក់ទាញអ្នកចូលទស្សនាប្រមាណ៤ម៉ឺននាក់

image


ក្រចេះ៖ រយៈពេលបីថ្ងៃ នៃពិធីបុណ្យភូមិមានជើងនៅទីរួមខេត្តក្រចេះ ដែលបង្ហាញពីវប្បធម៌ ប្រពៃណី និងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ បានទាក់ទាញអ្នកចូលទស្សនាប្រមាណជា ៤ម៉ឺននាក់។ ក្នុងនោះក៏មានភ្ញៀវទេសចរដែលអញ្ចើញមកពីបណ្តាខេត្តក្រុងនានាមានចំនួន ១.១៤២០ នាក់ និងមានភ្ញៀវបរទេស១០៩នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ។

កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកនៃមហោស្រពសិល្បៈ បុណ្យភូមិ និង ជាអ្នកដឹកនាំការរៀបចំកម្មវិធី បុណ្យភូមិមានជើងក្នុងខេត្តក្រចេះ បានឲ្យដឹងថាគោលបំណងនៃការបង្កើត កម្មវិធីបុណ្យភូមិមានជើង នេះឡើង នៅលើទឹកដីនៃខេត្តក្រចេះ គឺចង់ចូលរួមផ្សព្ធផ្សាយពីតំបន់ដែលមានធម្មជាតិ ស្រស់ស្អាត និងសម្បូរទៅដោយវប្បធម៌ ដល់ប្រជាជនកម្ពុជា ដែលគាត់មិនដែលបានចាប់ អារម្មណ៍។

នៅថ្ងៃទីមួយនៃវិធីបុណ្យភូមិមានជើងកញ្ញា រិទ្ធី លំអរពេជ្រ បានដឹងនាំ យុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់ទៅទស្សនា
សត្វផ្សោត ដេីម្បីធ្វេីការផ្សព្វផ្សាយពីវិស័យទេសចរណ៍ដ៏ល្អឯកមានតែមួយនេះគត់ ឲ្យបានទូលំទូលាយពីការពន្យល់បង្ហាញការថែរក្សាអភិរក្សនូវសម្បត្តិធម្មជាតិមួយនេះ ហេីយក៏បានដាំដើមឈើជាច្រើនដើមនៅក្នុងបរិវេណអន្លង់ផ្សោតកាំពី ដើម្បីចូលរួមថែរក្សាពីការប្រែប្រួលអាកាសធាតុ។

សូមជម្រាបថា បុណ្យភូមិមានជើង គឺជាកម្មវិធីមួយដែលកើតចេញពី មហោស្រពសិល្បៈ បុណ្យភូមិ ដែលតែងតែ រៀបចំនៅរាជធានីភ្នំពេញ។ រយ:ពេល១០ឆ្នាំ នៃការផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណី និងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ កម្មវិធីនេះ គឺតែងតែទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដូច្នេះហើយបុណ្យភូមិមានជើង នឹងបោះជំហានទៅគ្រប់ខេត្តក្រុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដោយជំហានដំបូងនេះ បុណ្យភូមិមានជើង បានធ្វើដំណើរមកកាន់ខេត្តក្រចេះ ដែលជាខេត្តដំបូង នៃការរៀបចំកម្មវិធី។

សូមបញ្ចាក់ថា បុណ្យភូមិមានជើង នេះបានធ្វើឡើងអស់រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកាខេត្តក្រចេះ បានយកទីតាំងវត្តរកាកណ្ដាលចាស់ ដើម្បីមកបើកបង្ហាញការសម្ដែងសិល្បៈបែបប្រពៃណី ការទស្សនាផ្សាយចំណេះដឹងផ្នែកសិល្បៈ ដោយនៅទីនោះ មានផ្ទះសិល្បៈផងដែរ៕
ដោយ៖ សារី ណែត