សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី២ ក្នុងខណ្ឌដូនពេញ

image


ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញផ្សែងខ្មៅហ៊ុយចេញពីចំណុចជាន់ទី២ នៃផ្ទះកើតហេតុ អំឡុងម៉ោង៤រសៀល។ ភ្លាមៗនោះគេនាំគ្នារត់ទៅប្រាប់ម្ចាស់ផ្ទះ ហើយខ្លះទៀតនាំគ្នាជួយពន្លត់ តែដោយឃើញអណ្តាតភ្លើងកាន់តែខ្លាំង ពលរដ្ឋក៏បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។

បន្ទាប់ពីទទួលដំណឹងនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង និងមន្ត្រីជំនាញ ក្រុមសង្គ្រោះ ទៅកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ពន្លត់។

ករណីអគ្គិភ័យនេះ មន្ត្រីជំនាញប្រើប្រាស់រថយន្តសង្គ្រោះជាច្រើនគ្រឿង ក្នុងការទប់ស្កាត់មិនឱ្យរាលដាលទៅដល់ផ្ទះជិតខាង និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ជុំវិញករណីនេះ សមត្ថកិច្ច និងមន្ត្រីជំនាញ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ៕

ដោយ៖ ឌីយ៉ាម៉ង់