សង្គម

យុវជនពីខេត្តពោធិ៍សាត់ ១០០នាក់ បង្ហាញមោទនភាពដែលបានមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ យុវជនចំនួន១០០នាក់ មកពីឃុំអន្សារចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានបង្ហាញនូវមោទនភាព ដែលពួកគេបានមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប ជាលើកដំបូងក្នុងជីវិតពួកគេ។

តំណាងយុវជនបានលើកឡើងថា ជាលើកដំបូងដែលពួកគេមានឱកាសមកកាន់ខេត្តសៀមរាប ដើម្បីបានមកទស្សនាប្រាសាទបុរាណរបស់ដូនតាខ្មែរ ។ នេះជាមោទនភាពមួយសម្រាប់ជីវិតពួកគេ ដែលបានមកមើលឃើញផ្ទាល់នូវស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។ ហើយសន្យានឹងជួយផ្សព្វផ្សាយអំពីស្នាដៃដ៏អស្ចា្យនេះ ទៅកាន់យុវជនផ្សេងៗទៀតផងដែរ។


ក្រុមយុវជនខេត្តពោធិ៍សាត់ ក៏បានថ្លែងនូវការអរគុណចំពោះលោក កែវ រតនៈរដ្ឋមន្ត្រីក្រសួងរ៉ែ និងឋាមពល ដែលបានជួយឧបត្ថម្ភ ឲ្យពួកគាត់បានមកកម្សាន្តនៅរមណីយដ្ឋានអង្គរនេះរយៈពេល២ថ្ងៃ គឺថ្ងៃទី២០និង២១ ខែវិច្ឆិកា ឆ្នាំ២០២៣។


លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាតំណាងលោក កែវ រតនៈ ក្នុងការដឹកនាំក្រុមយុវជននេះ បានឲ្យដឹងថា យុវជនដែលត្រូវបានមកធ្វើទស្សនកិច្ចនៅតំបន់អង្គរនេះ ពួកគាត់ជាសិស្សថ្នាក់ទី១២ នៅក្នុងខេត្តពោធិ៍សាត់ ហើយទើបតែប្រលងចប់សញ្ញាបត្រទុតិយភូមិកាលពីពេលថ្មីៗនេះ។ លោកបន្តថា មិនមែនតែប្អូនៗមកពីឃុំទាំង២នេះទេ ដែលត្រូវបានលោក កែវ រតនៈ ឧបត្ថម្ភឲ្យមកធ្វើទស្សកិច្ចនៅខេត្តសៀមរាប សម្រាប់ប្អូនៗដែលរៀនថ្នាក់ទី១២ ដទៃទៀតក៏នឹងត្រូវធ្វើដំណើរមកដូចគ្នាដែរ ព្រោះលោក ចង់ឲ្យកូនខ្មែរបានយល់ដឹងនូវកេរដំណែលដូនតាដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។


លោក អេង គន្ធា ក៏បានបញ្ជាក់ផងដែរថា ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏ចង់បង្ហាញដល់ប្អូនៗជាយុវជនឲ្យដឹងពីគុណតម្លៃនៃសន្តិភាព ព្រោះបើមិនមានសន្តិភាពទេ ក៏មិនមានការអភិវឌ្ឍ និងក៏មិនមានវត្តមានរបស់ប្អូនៗនៅលើទឹកដីអង្គរនេះដែរ។

ទន្ទឹមគ្នានេះ លោក អេង គន្ធា ក៏បានសំណូមពរដល់បណ្តាយុវជនទាំងឡាយដែលជាទំពាំងស្នងឫស្សី នៅពេលមកទស្សនានៅតាមប្រាសាទបុរាណ សូមស្លៀកពាក់ឲ្យបានសមរម្យ និងសូមជួយប្រើសេវាមគ្គុទ្ទេសក៍ខ្មែរយើងដើម្បីឲ្យពួកគាត់បានពន្យល់ឲ្យបានច្បាស់លាស់អំពីអត្ថន័យនៃចម្លាក់ក្បូរក្បាច់នៅតាមប្រាង្គប្រាសាទ៕