ព័ត៌មានជាតិ

នៅសល់ ៦២ថ្ងៃទៀតដល់ថ្ងៃបោះឆ្នោត សម្តេចតេជោបន្តអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតដើម្បីមានឱកាសប្រើប្រាស់សិទ្ធរបស់ខ្លួន

image


(ភ្នំពេញ) ៖ នៅលើទំព័ហ្វេសបុកផ្លូវការនាព្រឹកថ្ងៃច័ន្ទនេះ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគឺកាន់តែជិតមកដល់ហើយនៅថ្ងៃទី ២៩ កក្កដា ២០១៨ កម្ពុជាទូទាំងប្រទេសសប្បាយរីករាយចំពោះការបោះឆ្នោតខាងមុខនេះ ព្រោះយើងមានឱកាសបានប្រើប្រាស់នូវសិទ្ឋិសេរីភាពក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយដែលយើងម្នាក់ៗពេញចិត្ត។

សម្តេចតេជោ បន្តថា មកទល់ពេលនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនគឺបានកសាងសមិទ្ឋផលជាតិជាច្រើនដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ទិសដៅនៃការអភិវឌ្ឍរបស់យើងគឺនឹងប្រែក្លាយកម្ពុជាអោយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ទន្ទឹមនឹងនេះដែរ គឺគណបក្សប្រជាជនគាំទ្រនិងលើកទឹកចិត្តអោយកូនក្មួយយុវជនមានឱកាសបានចូលរួមកាន់តែច្រើនឡើងៗនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ បានសរសេររៀបរាប់យ៉ាងដូច្នេះថា «អរគុណខ្លាំងណាស់ ចំពោះសមាជិកសមាជិកាគណបក្សប្រជាជន និងកូនក្មួយយុវជន ព្រមទាំងបងប្អូនកូនក្មួយកម្មករកម្មការនី ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍនៅក្នុងប្រទេសជាតិយើង។ មានគណបក្សប្រជាជន គឺមានសុខសន្តិភាពជានិច្ច។ជូនពរបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខានឡើយ។»៕