ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ សូមប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាពបណ្តាលមកពីការបរិភោគចំណីអាហារ និងការពិសាស្រា ក្នុងកំលុងពិធីបុណ្យភ្ជុំបិណ្ឌ

image

ភ្នំពេញ៖ ដើម្បីចូលរួមបង្ការសុខភាពដែលបណ្តាលមកពីការបរិភោគចំណីអាហារ និងពិសាស្រា នាឱកាសដែលបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចូលរួម អនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការបរិភោគចំណីអាហារ ដែលនាំឲ្យក្អួត រាក និងការពិសាស្រានិងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។

ការពុលចំណីអាហារភាគច្រើនបណ្តាលមកពីការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ រោគសញ្ញា ដែលបណ្តាលឲ្យពុលចំណីអាហារមានដូចជា ក្អួត ចង្អោរ រាក រាកមួល ដែលអាចគ្រោះថ្នាក់ដល់ អាយុជីវិតបាន។ ការពុលស្រាបណ្តាលឲ្យមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន។ លទ្ធផលវិភាគសំណាកស្រាស ដែលទទួលបានពីទីកន្លែងដែលកើតហេតុរបស់មន្ទីរពិសោធន៍ជាតិនៃក្រសួងសុខាភិបាលបានរកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋបានពិសាក្នុងតំបន់ដែលកើតហេតុនាពេលកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឱ្យពុល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។

សូមបងប្អូនអនុវត្តនូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារ ដែលអាចការពារអ្នកគ្រប់គ្នានិងក្រុមគ្រួសារពីការឈឺ៖
១. ​ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច
២.​ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងកំលុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោបង់។
៣. ​លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. ​សំអាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥.​ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។
៦.​ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។
៧. ​កុំរក្សាទុកអាហារក្នុងកម្ដៅធម្មតាលើសពី២ម៉ោង
៨. ​មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកម្ដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
៩. ​កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

ចំពោះការពុលស្រា ក្រសួងសុខាភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់សូមពិសាគ្រឿងស្រវឹងក្នុង កម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ បើមានរោគសញ្ញានៃការពុលស្រាដូចរៀបរាប់ខាងលើ សូមស្វែងរកដំបូន្មានជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។

នាយកដ្ឋានសូមលើកទឹកចិត្តឲ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាជួបនូវសុខភាពល្អ ក្នុងពីធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ។​

សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកា​ក្នុង​ទូរស័ព្ទ​​របស់អ្នក​ក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ទំនង៖