សម្ដេចក្រឡាហោម៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានទទួលឥទ្ធិពលពីអាល្លឺម៉ង់
| ព័ត៌មានជាតិ
SHARE

អាល្លឺម៉ង់៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានទទួលឥទ្ធិពលពីប្រទេសអាល្លឺម៉ង់ ហើយជាលទ្ធផល កម្ពុជាបានបង្កើតច្បាប់ ស្ដីពីការគ្រប់គ្រងឃុំសង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតឃុំសង្កាត់ ច្បាប់ស្ដីពីការគ្រប់គ្រង និងច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ។

សម្តេចបានថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងបែរឡាំង តបតាមការអញ្ជើញរបស់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ជាកិច្ចចាប់ផ្ដើមនៃដំណើរទស្សនកិច្ចផ្លូវការ នៅថ្ងៃដដែលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមជាថ្នាក់ដឹកនាំអន្តរក្រសួង បានជួបពិភាក្សាជាមួយលោកជំទាវ Gisela Hammerschidt តំណាងគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ទស្សនកិច្ចនេះ គឺជាលើកទី២ហើយ បន្ទាប់ពីសម្ដេចធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការម្ដងរួចមកហើយ មុនពេលកម្ពុជាចាប់ផ្ដើមធ្វើកំណែទម្រង់ការងារទាំងពីរនេះ។

សម្ដេចក៏បានបញ្ជាក់ទៅកាន់ភាគីអាល្លឺម៉ង់ដែរថា នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលនឹងបញ្ចប់ការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ ក្នុងនោះមានការផ្ទេរសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលការងារនេះ កំពុងដើរទន្ទឹមគ្នាជាមួយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

ដោយសារផ្លែផ្កានៃកំណែទម្រង់នេះ សម្ដេចបានមានប្រសាសន៍ទៀតថា ថវិកាឃុំសង្កាត់ដែលពីមុនក្នុង១ឆ្នាំមានមិនដល់១ម៉ឺនដុល្លារអាមេរិកនោះ ចាប់ពីឆ្នាំ២០២០តទៅ ឃុំសង្កាត់នឹងមានថវិកាជាមធ្យមជាង៧ម៉ឺនដុល្លារ ឆ្នាំ២០២១ ជាង៨ម៉ឺនដុល្លារ រហូតដល់ឆ្នាំ២០២៣ នឹងកើនឡើងដល់១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ពាក់ព័ន្ធនឹងការងារកំណែទម្រង់ទាំងនេះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលតែងតែបានផ្ដល់ការគាំទ្រកម្ពុជា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការខុនរ៉ាត់របស់អាល្លឺម៉ង់ លើការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការតាក់តែងច្បាប់ និងវិធានការនានា។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនថ្នាក់ដឹកនាំគណៈកម្មាធិការសភាអាល្លឺម៉ង់អំពីការដោះស្រាយបញ្ហា EBA ជាមួយសហភាពអឺរ៉ុបដែរ ដោយសម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជា មានឆន្ទៈរក្សាការអនុគ្រោះពន្ធ ព្រមទាំងបន្តទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប និងជាមួយគ្រប់ប្រទេសទាំងអស់។

ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ថា តាមរយៈបទពិសោធនៃការផ្លាស់ប្ដូររបបពីអតីតកាល កម្ពុជាបានដឹងយ៉ាងច្បាស់ថា មានតែរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយបើទោះបីជាមានការយល់ឃើញផ្សេងគ្នាខ្លះ ក៏ប៉ុន្តែគោលការណ៍នេះបានចាក់គ្រឹះនៅកម្ពុជាហើយ៕ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation