ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ដរាបណាសម្តេចតេជោនៅដឹកនាំប្រទេសសុខទុក្ខរបស់អតីតយទ្ធជននៅតែបន្តដោះស្រាយ

image

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកថ្លែងនៅក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ កងទ័ពជេីងគោក នៅកងពលលេខ៧០ កាលពីថ្ងៃព្រហស្បិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ។

ឯកឧត្តមបាថាការជួបជាមួយអ៊ំពូមីងថ្ងៃនេះ គឺសំខាន់មិនខុសពីការចូលរួមពិធីភ្ជុំបិណ្ឌទេ ព្រោះនេះគឺជាការថ្លែងអំណរគុណចំពោះអ្នកដែលមានគុណូបការៈដែលនៅមានជីវិតនៅក្នុងការចូលរួមបំពេញកាតព្វកិច្ចបម្រើជាតិមាតុភូមិ។ គ្រាន់តែខុសគ្នាត្រង់ថា យើងទៅភ្ជុំបិណ្ឌដើម្បីឧទ្ទិសកុសលផលបុណ្យចំពោះអ្នកដែលស្លាប់ហើយ។ ប៉ុន្តែការបំពាក់ឋានន្តរសក្តិនាពេលនេះគឺជូនដល់នាយទាហានដែលមានដៃនៅក្នុងការរំដោះជាតិ និងបានចូលរួមនៅក្នុងអនុវត្តយុទ្ធសាស្ត្រឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម និងថែរក្សាសុខសន្តិភាពដល់ពេលនេះ។បើគ្មានការចូលរួមពីអ៊ំពូមីងគ្រប់ភាគីទាំងអស់ មកដល់ពេលនេះយើងប្រហែលជាគ្មានបានសុខទេ។ហើយក្នុងនោះដែរគោលការណ៍នៃការជ្រើសរើសនាយទាហាន អ្នកចេះគឺជាប់ដោយគ្មានលក្ខខណ្ឌស្គាល់គណៈកម្មការ ឬលក្ខខណ្ឌផ្សេងឡើយ។ នេះគឺជាមនោសញ្ជេតនាធំណាស់សម្រាប់នាយទាហាន ប៉ុន្តែក្នុងការជ្រើសរើសពលទាហាននៅក្នុងក្របខ័ណ្ឌជើងគោកគឺផ្ដល់ឱកាសហើយកូនចៅសាច់ញាតិបង្កើតរបស់អតីតយុទ្ធជនប៉ុន្តែត្រូវមានលក្ខខណ្ឌ២គឺសុខភាពល្អ និងមិនប្រើប្រាស់គ្រឿងញៀន។


ចំពោះលក្ខខណ្ឌនៃការប្រើប្រាស់គ្រឿងញៀនយើងត្រូវតែធ្វើឲ្យបានតឹងតែងបំផុត ព្រោះគ្មាននរណាម្នាក់ចង់ឲ្យកូនចៅខូចអនាគតដោយសារគ្រឿងញៀននោះទេ។ បើយើងមិនតឹងតែងទេ យើងបំផ្លាញអនាគតយុវជន គ្រួសារ និងអង្គភាពទាំងមូល។ នេះគឺជាលក្ខខណ្ឌ និងមនោសញ្ចេតនាដែលផ្ដល់ឱកាសឲ្យកូនចៅអតីតយុទ្ធជនមានអនាគតល្អ។

ហេតុនេះសូមអ៊ំពូមីងដែលត្រូវចូលនិវត្តន៍បន្តជឿទុកចិត្តដាក់របស់រាជរដ្ឋាភិបាល កុំជឿតាមការឃោសនាដែលថារាជរដ្ឋាភិបាល បោះបង់ចោលអតីតយុទ្ធជន។

សូមឲ្យមានភាពកក់ក្តៅ និងជឿចុះដរាបណាសម្តេចតេជោ ហ៊ុន សែន នៅដឹកនាំប្រទេស លោកជាយោធិនពិការម្នាក់លោកយល់ច្បាស់ណាស់ពីសុខទុក្ខរបស់អតីតយុទ្ធជន លោកនៅតែបន្តដោះស្រាយ និងបន្តខិតខំផ្ដល់គោលនយោបាយថ្មីៗជូនអតីតយុទ្ធជនបន្តទៅទៀត ព្រោះអ៊ំពូមីងចូលនិវត្តន៍ថ្ងៃនេះគឺមិនបញ្ចប់ត្រឹមថ្ងៃនេះទេ គេទទួលបានប្រាក់សោធននិវត្តន៍សមរម្យ។ សូម អ៊ុំពូមីងចូលរួមថែរក្សាសុខសន្តិភាព ព្រោះតម្លៃសន្តិភាពនៅពេលដែលវាបាត់បង់បានដឹងថាវេទនា៕ដោយ៖មួង សុវណ្ណារិទ្ធ