ព័ត៌មានជាតិ

កម្ពុជា បញ្ចប់ការកសាង “ផែនការមេជាតិ ស្តីពីហេដ្ឋារចនាសម្ព័ន្ធព័ត៌មានលម្ហ ឆ្នាំ២០២០-២០២៥”

image

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការកសាង “ផែនការមេជាតិ ស្តីពីហេដ្ឋារចនាសម្ព័ន្ធព័ត៌មានលម្ហ ឆ្នាំ២០២០-២០២៥” ដែលនឹងក្លាយជាវេទិកាដ៏មានសារប្រយោជន៍សម្រាប់ផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានលម្ហជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងសុខដុមនីយភាព ឈានដល់ការសម្រេចបាននូវចក្ខុ វិស័យកម្ពុជាឆ្នាំ ២០៥០។


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធាន អចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានមានប្រសាសន៍ថា គោលបំ ណងចម្បងនៃការកសាងផែនការមេជាតិស្តីពីហេដ្ឋារចនាសម្ព័ន្ធព័ត៌មានលម្ហ នេះគឺការកសាងសមត្ថភាពជាតិផ្អែកលើបច្ចេកវិទ្យាប្រកបដោយសុខដុមភាពជាមួយ បណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាលើសាកលលោក មានការរៀបចំការចង្អុលបង្ហាញផ្លូវសម្រាប់អនុវត្តរួមគ្នា និងមានការអនុវត្តសាកល្បងជាក់ស្ដែង ក្រោមជំនួយនៃសាធារណរដ្ឋកូរ៉េ ដែលមានស្ថាប័នអិលអេច (LX) ធូអ៊ី (2e) និង ជីអូធូ (Geo2) ជាអ្នកជួយ និងណែនាំការអនុវត្តជាក់ស្ដែង។


ឯកឧត្តមបញ្ជាក់ថា បច្ច័យចម្បងនៃកិច្ចការនេះ គឺការចូលរួមឲ្យសម្រចបាននូវសេដ្ឋកិច្ចឌីជីថលជាតិ សំដៅការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។


ឯកឧត្តមបានបន្តថា ផែនទីបង្ហាញផ្លូវនៃផែនការមេនេះ បានផ្ដោតលើកិច្ចការធំៗ៥ គឺ៖ ១) ការពង្រឹងក្របខណ្ឌគតិយុត្តស្តីពីហេដ្ឋារចនាសម្ព័ន្ធទិន្នន័យលម្ហ ២) សុខដុមនីយកម្មស្តង់ដារជាតិនិងតំបន់ផ្នែកទិន្នន័យលម្ហ ៣) ការកសាងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានលម្ហជាតិ ដោយរួមទាំងការប្រតិបត្តិនិងថែទាំ ៤) ការកសាងសមត្ថភាពមជ្ឈមណ្ឌលស្រាវជា្រវ និងអភិវឌ្ឍផ្នែកព័ត៌មានលម្ហ និង ៥) ការផ្ដល់សេវាកម្មអន្តរវិស័យផ្នែកព័ត៌មានលម្ហ ដូចជា កសិកម្ម បរិស្ថាន សុរិយោដី ប្រព័ន្ធទឹកភ្លើង ការដឹកជញ្ជូនតាមអាកាស លើដី ផ្លូវទឹក និងលទ្ធភាពក្រោមដីនាពេលអនាគត និងសេវាកម្មជូនសាធារណជនតាមរយៈការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងមហាផ្ទៃ។


ឯកឧត្តម បន្ថែមថា ព័ត៌មានលម្ហគឺជាសមាសធាតុដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ពង្រឹងសមត្ថភាពចូលរួម និងភាពប្រកួតប្រជែងក្នុងតំបន់ ហើយក៏ជាទិន្នន័យដ៏ចាំបាច់ដែលត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាពនៃជីវិតផងដែរ ដោយរាប់បញ្ចូលផងដែរនូវការការពារសិទ្ធិនៃទ្រព្យសម្បត្តិ បូរណភាពទឹកដី និងការផ្តល់លទ្ធភាពឲ្យសេវាឌីជីថលនានា ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាន់សម័យ ដូចជាការបង្កើតនូវទីក្រុងឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងការចូលរួមបដិវត្តន៍ឧស្សាហកម្មទី៤។ យ៉ាងណាក្ដី ការសម្រេចបានជោគជ័យលើកិច្ចការដ៏មានសារៈសំខាន់នេះទាមទារឲ្យមានការយល់ដឹង ការគាំទ្រ ការចូលរួមអនុវត្តទាំងអស់គ្នា នៃគ្រប់ក្រសួង-ស្ថាប័នទាំងអស់ និងប្រជាជនទូទៅ៕អត្ថបទៈយ៉ង់ សុភា