ព័ត៌មានជាតិ

ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល នាំអំណោយចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

image

កណ្តាល៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានអញ្ចើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយធម្មជាតិភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់ ដែលបានធ្វើឲ្យខូចខាតនៅផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលស្ថិតនៅក្នុងឃុំព្រែកដាច់ និងឃុំពាមរាំងស្រុក លើកដែក ខេត្តកណ្តាល។

ការចុះសាកសួរសុខទុកដល់ប្អូនប្រជាពលរដ្ឋរងគ្រោះដោយធម្ម ជាតិនេះធ្វើឡើងនៅព្រឹកថ្ងៃ ចន្ទ័ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

សូមជម្រាបថា គ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៣៩ គ្រួសារ ក្នុងឃុំចំនួន ២ គឺឃុំព្រែកដាច់ និងឃុំពាមរាំង ។ គ្រោះមហន្តរាយនេះបណ្តាលឱ្យខូតខាតផ្ទះប្រជាពលរដ្ឋចំនួន ៣៣ ខ្នង ក្នុងនោះ ឃុំព្រែកដាច់ រលំផ្ទះទាំងស្រុង ២ខ្នង និង ប៉ើងដំបូល ៧ខ្នង ឯឃុំពាមរាំង រងការខូចខាតរលំផ្ទះទាំងស្រុង ១០ខ្នងផ្ទះ និងរបើកដំបូល ១៤ខ្នងផ្ទះ ខូចខាត សម្ភារៈ ម៉ូតូ៦គ្រឿង កង់៦ និងរបួសមនុស្ស១០នាក់។

ក្នុងឱកាសចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ លោកជំទាវកិត្តិសង្ហហបណ្ឌិតឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាបានមានប្រសាសន៍ថា ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការលំបាករបស់ថ្នាក់នាំ។ ជាពិសេសលោកជំទាវក៏បាននាំនៅការសាកសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់បងប្អូនទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏ថ្នាក់ ដឹកនាំនៅរួមសុខរួមទុកជាមួយបងប្អូនគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ លោកជំទាវ និងក្រុមការងារ ក៏បាននាំអំណោយ ចែកជូនបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រួមមាន៖ ប្រជាពលរដ្ឋរលំផ្ទះចំនួន១២ខ្នង ក្នុង១ខ្នងផ្ទះទទួលបានឃីតមួយនិងថវិកា ៣០ម៉ឺនរៀល ប្រជាពលរដ្ឋរបើកដំបូលផ្ទះចំនួន២១ខ្នងផ្ទះ ក្នុង១ខ្នងផ្ទះទទួលបានឃីត១ និងថវិកា ១០ម៉ឺនរៀល ឧបត្ថម្ភដល់អ្នករងរបួសធ្ងន់ចំនួន៣នាក់ក្នុង១នាក់ថវិកា ២៥ម៉ឺនរៀល អ្នករងរបួសស្រាលចំនួន១០ក្នុង ១នាក់ទទួលបានថវិកា ៨ម៉ឺនរៀល។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដែលបានទទួលអំណោយ បានថ្លែងអំណរគុណដល់លោកជំទាវ ឃួន សុដារី និងក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល ព្រមទាំងក្រុម ការងារក្នុងស្រុកទាំងអស់ដែលបានដឹងសុខទុក្ខពលរដ្ឋមានគ្រោះអាសន្ន និងចុះមកជួយបានទាន់ពេលវេលារហូតមកផងដែរ៕ថ៊ដោយ៖ វង សុភ័ក្ត្រ