ប្រជាការពារភូមិជិត៤០០នាក់ និងមន្ត្រីនគរបាលចូលនិវត្តន៍៥០នាក់ ត្រូវបានអធិការស្រុកព្រៃនប់អញ្ជើញហូបបាយសាមគ្គី បន្ទាប់ពីឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌចប់
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ដើម្បីលើកទឹកចិត្តដល់បងប្អូនប្រជាការពារភូមិ លោកវរសេនីយ៍ទោ ហួ យៃ អធិការស្រុកព្រៃនប់បានអញ្ជើញបងប្អូនប្រជាការពារភូមិប្រមាណជិត ៤០០នាក់រួមជាមួយនឹងមន្ត្រីនគរបាលចូលនិវត្តន៍ប្រមាណជា ៥០ នាក់ចូលរួមហូបបាយសាមគ្គីនិងផ្ដល់ ប្រាក់រង្វាន់លើកទឹកចិត្តដល់ពួកគាត់ដែលបានខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ដោយសហការជាមួយនឹងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនាឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ ដើម្បីធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជានៅតាមទីវត្តអារាមរមណីយដ្ឋាននានាមានសុខសុវត្ថិភាព កាត់បន្ថយករណីអំពើរលួចឆក់ប្លន់ក៏ដូចជាអំពើហិង្សានិងការប្រើប្រាស់ចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាន។

ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌកន្លងមកនេះបងប្អូនប្រជាការពារភូមិបានសហការជាមួយនឹងនគរបាលប៉ុស្តិ៍រដ្ឋបាលដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ អស់ពីកម្លាំងកាយចិត្តទាំងអស់នោះហើយទើបលោកបានអញ្ជើញពួកគាត់មកហូបបាយសាមគ្គីជាការលើកទឹកចិត្តដល់ពួកគាត់ដើម្បីធ្វើយ៉ាងណាបន្តសកម្មភាពសហការជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលក្នុងការរក្សាសន្តិសុខនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀត ជាមួយគ្នានោះ លោកអធិការស្រុកព្រៃនប់ក៏បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ៥០ នាក់ដែលបានចូលរួមសកម្មភាព រក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ នាពេលកន្លងមក លោកក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ម្នាក់ចំនួន ៨ម៉ឺនរៀលផងដែរ។

ជាការឆ្លើយតបបងប្អូនប្រជាការពារភូមិក៏ដូចជាមន្ត្រីចូលនិវត្តន៍បានថ្លែងអំណរគុណចំពោះលោកអធិការស្រុកព្រៃនប់ដែលបានគិតគូរអំពីការលំបាកនិងការខិតខំរបស់បងប្អូនប្រជាការពារភូមិ នាពេលកន្លងមក ហើយបានអញ្ជើញមកហូបបាយសាមគ្គីនាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់នេះផងដែរ។ហើយពួកគាត់គឺមានទឹកចិត្តក្នុងការបម្រើសហការជាមួយនឹងនគរបាលប៉ុស្តិ៍រដ្ឋបាលដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation