បុណ្យសមុទ្រ​លើកទី៨ កាន់តែកៀកមកដល់ ខណៈខេត្តកំពតដែលជាម្ចាស់ផ្ទះ កាន់តែមមាញឹកក្នុងការការៀបចំ
| ព័ត៌មានជាតិ
SHARE

កំពត៖ នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពត ត្រូវធ្វើម្ចាស់ផ្ទះសម្រាប់នៅឆ្នាំ​២០១៩​នេះ នាសាលប្រជុំសាលាខេត្តកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដមជាវ តាយ អភិបាលខេត្តកំពត បានក្រើនរំលឹកណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព​និងអាជ្ញាធរ​ក្រុង ស្រុក​ពាក់ព័ន្ធ​នៃគណៈកម្មការនិងអនុគណៈកម្មការទាំង៦ ដោយលើកបញ្ជាក់ថា ពីធីបុណ្យ​សមុទ្រ​ដែលខេត្តកំពត​ត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ២០១៩នេះ​គឺ​មានពេលវេលាកាន់តែកៀកកិតមកដល់ហើយ  ដូច្នេះ ដើម្បីអោយការងាររបស់អនុគណៈកម្មការនីមួយៗ ទទួលបានលទ្ធផលផ្លែផ្កា ពិសេសគ្រប់ មន្ទីរ អង្គភាព ឬអាជ្ញាធរក្រុង​ស្រុក ពាក់ព័ន្ធ ត្រូវតែជំរុញយកចិត្តទុកដាក់លើកគម្រោងផែនការសកម្មភាពការងារ ឲ្យបានឆាប់ព្រោះពេលវេលាកាន់តែខ្លី។ 

អភិបាលខេត្តកំពត បន្តលើកបញ្ជាក់ថា ដើម្បីឲ្យមានភាពជាម្ចាស់ការក្នុងស្មារតីទទួលខុសខ្ពស់ក្នុងតួនាទីភារកិច្ចចាត់តាំងនៅក្នុងយន្តការនៃអនុគណៈកម្មការនីមួយៗ សូមឲ្យអនុគណៈកម្មការនីមួយៗត្រូវតែ រួសរាន់ប្រញាប់លើកគម្រោងផែនការជារបាយការណ៍ឲ្យបានជាក់លាក់ ដើម្បីដាក់ជូនឯកឧត្តមពិនិត្យសម្រេចនិងដាក់ពិនិត្យនៅក្នុងកិច្ចប្រជុំគណៈកម្មការថ្នាក់ខេត្តលើកទី៣នៅក្នុងខែតុលា ក៏ដូចជាសម្រាប់រាយការណ៍​ជូនក្នុងកិច្ចប្រជុំគណៈក​ម្មការអន្តរក្រសួងពិនិត្យនិងសម្រេចនៅពេលខាងមុខនេះផងដែរ។

ពាក់ព័ន្ធសោភ័ណភាពអនាមនាម័យ បរិស្ថានក្នុងក្រុងកំពត ឯកឧត្ដម ជាវ តាយ ក៏បានលើកបញ្ជាក់ដែរថា មកដល់ពេលដោយតាមការពិនិត្យសកម្មភាពនៃការអនុវត្ត នៅក្នុងក្រុងកំពត តាមការសង្កេតឃើញនៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយទេ គឺការអនុវត្តនៅមានភាពយឺតយ៉ាវ។ ដូច្នេះ​ក៏សូមឲ្យគ្រប់មន្ទីរ អង្គភាព​ត្រូវតែចូលរួមអនុវត្តអោយបានព្រមៗគ្នាសស្រាក់សស្រាំពីពេលនេះតទៅ ពិសេសរដ្ឋបាលក្រុងកំពត ត្រូវតែយកចិត្តទុកដាក់ទាំងសកម្មភាពជាក់ស្ដែងនិងការបំផុសដល់ស្មារតីប្រជាពលរដ្ឋឲ្យមានការចូលរួមទាំងអស់គ្នា បើពុំដូច្នេះទេ គឺយើងមិនអាចអនុវត្តបានទាន់ពេលវេលានៃព្រឹត្តការណ៍បុណ្យសមុទ្រឈានចូលមកដល់ចុងឆ្នាំ​២០១៩ ខាងមុខនេះទេ។​

ឯកឧត្ដម​ ជាវ តាយ អភិបាល​ខេត្ត​កំពតក៏បានទទូចសំណូមពរ​ថែមទៀតដល់គ្រប់ អនុគណៈកម្មការទាំងអស់គឺចាប់ពីពេលនេះតទៅ ត្រូវតែខិតខំជម្រុញយកចិត្តទុកដាក់ជាការចាំបាច់ដែលរដ្ឋបាលខេត្តបានប្រគល់ជូន នូវតួនាទីភារកិច្ចនីមួយៗរបស់ខ្លួន ទើបការងារបានសម្រេចដោយមិនមានការព្រួយបារម្ភនៅពេលកៀកកិតមកដល់។​

ដោយឡែកសម្រាប់ការការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់​ក្នុងពិធី​បុណ្យ​នេះដែរ រឹតតែជាការងារចាំបាច់ត្រូវធ្វើយ៉ាងដាក់គោលដៅសំខាន់ៗឲ្យបានល្អ ដោយព្រឹត្តិការណ៍ដ៏មានសំខាន់នៅខេត្តកំពតបានធ្វើជាម្ចាស់ផ្ទះឆ្នាំនឹះ គឺធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅនៃពិធីបុណ្យសមុទ្រមួយនេះ រក្សាបាននូវសន្តិសុខ សុវត្ថិភាព​សណ្ដាប់ធ្នាប់​ប្រកបដោយភាពរលូននិងទទួលបានលទ្ធផលជោគជ័យសំដៅឲ្យមានភាពកាន់តែល្អនិងការគាំទ្រចាប់អារម្មណ៍ទាក់ទាញកាន់តែប្រសើរឡើងជាងបណ្តាខេត្តផ្សេងទៀត ឬឆ្នាំកន្លងទៅពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចប្រិយមិត្ត ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលបានមកចូលរួមកម្សាន្ត ស្របតាមគម្រោងផែនការរបស់ថ្នាក់ជាតិ។  

សូមបញ្ជាក់ថា ពិធី​បុណ្យសមុទ្រ​លើកទី៨ជុំទី២​ ដែលខេត្តកំពតត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំនាឆ្នាំ២០១៩នេះ គឺ​ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើឡើងនៅថ្ងៃទី២០-២១-២២ខែធ្នូ ២០១៩​។​

ហើយ កិច្ចប្រជុំនាឱកាសនេះដែរ ក៏បានផ្ដោតលើការចូលរួមមតិយោបល់ពិនិត្យនិងពិភាក្សាគម្រោងផែនការលំអិតរបស់អនុគណៈកម្មការទាំង៦គឺ៖ 

១-អនុគណៈកម្មការពិ​ព័រណ៍ សិល្បៈ​និងសកម្មភាពកីឡាផ្សេងៗ។​

២-អនុគណៈកម្មការរៀបចំមហោស្រព ម្ហូបអាហារ ភេសជ្ជៈ​និងអនាម័យបរិស្ថាន។​

៣-អនុគណៈកម្មការរៀបចំទីតាំងប្រារព្ធពិធីនិងហេដ្ឋារេចនាសម្ព័ន្ធ។​

៤-​អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​និងសង្រ្គោះ​បន្ទាន់​។​

៥-​អនុគណៈកម្មការខ្លឹមសារពិធី​ការនិងកិច្ច​ប្រជុំ​ពាក់ព័ន្ធ​នានា។​

៦- អនុគណៈកម្មការផ្គត់ផ្គង់។​

ក្នុងនោះ អនុគណៈកម្មការទាំង៦បានរាយការណ៍លំអិតពីគម្រោងផែនការដែលត្រៀមក្នុងដំណើរការនៃការប្រព្រឹត្តក្នុង​ពិធី​បុណ្យសមុទ្រ​នៅខេត្តកំពត​ខាងមុខនេះក្នុងគោលដៅរួមគ្នាដើម្បីធ្វើឲ្យការប្រព្រឹត្តទៅមានភាពរលូននិងទទួលលទ្ធផលជោគជ័យ៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation