ការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្នុងការតវ៉ាទាមទារឲ្យប្រធានាធិបតីហៃទីចុះចេញពីតំណែង
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមបាតុកររាប់ពាន់នាក់បានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងរដ្ឋធានីនៃប្រទេសហៃទីកាលពីថ្ងៃច័ន្ទក្នុងកំឡុងពេលធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីហៃទី លោក ចូវឺណែល ម៉ូសេ (Jovenel Moïse) លាលែងពីតំណែងក្នុងគ្រាមានរឿងអាស្រូវពុករលួយនៅក្នុងជួររដ្ឋាភិបាល។

ក្រុមបាតុករបានដុតបំផ្លាញរថយន្តយ៉ាងហោចមួយគ្រឿងនិងបានគប់ដុំថ្មដាក់ប៉ូលិស ហើយប៉ូលិសបានឆ្លើយតបវិញដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងផ្ទុះអាវុធ។

ក្រុមបាតុករបាននិយាយថាមនុស្សជាច្រើននាក់បានរងគ្រោះដោយគ្រាប់កាំភ្លើងក្នុងនោះរួមមានអ្នកកាសែតម្នាក់ផងដែរ។

ក្រុមមេដឹកនាំប្រឆាំងនិងក្រុមគាំទ្របាននិយាយថាពួកគេមិនពេញចិត្តចំពោះអំពើពុករលួយដែលកំពុងកើតឡើងយ៉ាងទូលំទូលាយ, ការកើនឡើងនៃអតិផរណា រួមនិងការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងសាំងដែលបានបង្ខំឲ្យស្ថានីយប្រេងឥន្ធនៈជាច្រើនក្នុងរដ្ឋធានីត្រូវបិទទ្វារ។

លោក ម៉ូសេ ដែលបានចូលកាន់តំណែងជាប្រធានាធិបតីកាលឆ្នាំ២០១៧បាននិយាយថារូបលោកនឹងមិនចុះចេញពីតំណែងទេបើទោះបីជាមានភាពវឹកវរក៏ដោយប៉ុន្តែជំនួសមកវិញលោកបានអំពាវនាវឲ្យមានការអត់ធ្មត់, ឯកភាពជាតិ និងកិច្ចចរចានៅក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីសប្ដាហ៍មុន។

នេះគឺជាការបង្ហាញខ្លួនដ៏កម្រមួយរបស់ប្រធានាធិបតីហៃទីចាប់តាំងពីរលកថ្មីនៃការតវ៉ាបានចាប់ផ្ដើមកាលពី៣សប្ដាហ៍មុនមក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation