ព័ត៌មានជាតិ

សៀវភៅ «ហ៊ុន សែន កម្ពុជា» ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ នាព្រឹកនេះ

image

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញ ប្រកាសផ្សព្វផ្សាយជាផ្លូវការ សៀវភៅ «ហ៊ុន សែន កម្ពុជា» នៅមជ្ឈមណ្ឌលកោះពេជ្រ។


បើតាមលោក លី ឆេង សៀវភៅ «ហ៊ុន សែន កម្ពុជា» ត្រូវបានចាប់ផ្តើមស្រាវជ្រាវនិពន្ធ កាលពីខែសីហា ឆ្នាំ២០១៥ ហើយបានបញ្ចប់ជាស្ថាពរ នៅខែឧសភា ឆ្នាំ២០១៩។


សៀវភៅនេះ រៀបរៀងឡើងក្នុងគោលបំណងចងក្រង ឯកសារជាប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់ និងគោលនយោបាយបង្រួបបង្រួមជាតិ និងអភិវឌ្ឍប្រទេសពីគំនរបាក់បែក ដោយសារសង្គ្រាម និងការបំផ្លាញខ្ទេចខ្ទីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។


ជាពិសេសប្រមូលចងក្រង នូវអនុសាសន៍ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទុកជាឯកសារដ៏មានតម្លៃបំផុតជូនដល់សិស្ស-និស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ធ្វើការសិក្សាស្រាវជ្រាវ អំពីប្រវត្តិពិស្តារ និងការតស៊ូរបស់ថ្នាក់ដឹកនាំ ដែលបានលះបង់គ្រប់បែបយ៉ាង និងហ៊ានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ហើយបន្តការពារ កសាង ស្វែងរកសុខសន្តិភាព និងអភិវឌ្ឍជូនប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ន។


សៀភៅ «ហ៊ុន សែន កម្ពុជា» នេះ បោះពុម្ពជាលើកទី១ ចំនួន ៣៣,៩៨៧ក្បាល។


ពិធីប្រកាសផ្សព្វផ្សាយសៀវភៅនេះ បានធ្វើឡើងរួមគ្នា ជាមួយពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់។


លោកបណ្ឌិត លី ឆេង សាកលវិទ្យាធិការសាកលវិទ្យាល័យ «ប៊ែលធី អន្តរជាតិ» បានឱ្យដឹងថា និស្សិតជ័យលាភីនេះ មានឱកាសទទួលបានការងារធ្វើប្រមាណ ៩៦.៥៣ភាគរយ។ គិតមកដល់ឆ្នាំសិក្សា ២០១៨-២០១៩ សិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិត បានបញ្ចប់ការសិក្សាសរុបចំនួន ១,៩១៨នាក់ ក្នុងនោះនារី ៩៤៩នាក់៕