ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការលើសកម្មភាពលក់ដូរ ក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងនៅបរិវេណកសិន្ធុប្រាសាទអង្គរវត្ត

image

សៀមរាប៖ការដាក់ឱសានវាទបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល ដាក់អង្រឹង  បើកគ្រឿងបំពងសំឡេងខ្លាំងៗ និងសម្ភារៈផ្សេងៗ នៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត បានចូលមកដល់នៅត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។

ដូច្នេះដើម្បីលើកកម្ពស់បរិស្ថានស្អាត សោភ័ណភាពស្រស់បំព្រង ក៏ដូចជាលើកតម្លៃទីសក្ការៈដ៏ឧត្តុង្គឧត្តមនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានបង្កើតក្រុមការងារចម្រុះធ្វើការអប់រំណែនាំផ្ទាល់នៅទីកន្លែងចាប់ពីថ្ងៃ០២ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។  

ទីតាំងដែលក្រុមការងារចម្រុះអនុវត្តការងាររបស់ខ្លួនមានដូចជា ជុំវិញបរិវេណត្រពាំងសេស ប្រាសាទព្រហ្មកិល និងតាមដងផ្លូវកៅស៊ូនៃកសិន្ធុប្រាសាទអង្គរវត្ត។ 

ក្នុងករណីហួសកាលបរិច្ឆេទអប់រំណែនាំ ហើយសកម្មភាពលក់ដូរ ក្រាលកន្ទេល ដាក់អង្រឹង បើកគ្រឿងបំពងសំឡេងខ្លាំងៗ និងសម្ភារៈផ្សេងនៅតែបន្តមាននោះ ក្រុមការងារចម្រុះនឹងអនុវត្តវិធានការរដ្ឋបាលចាំបាច់នានាទៅលើអ្នកប្រព្រឹត្តិល្មើសនឹងច្បាប់ទាំងនោះ។

ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឱ្យមានការចូលរួមសហការបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល ដាក់អង្រឹង បើកគ្រឿងបំពងសំឡេងខ្លាំងៗ និងការដាក់សម្ភារៈផ្សេងៗ នៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្តឱ្យបានជាដាច់ខាតចាប់ពីពេលនេះតទៅ៕