ប្រធានរដ្ឋសភា អរគុណរាជរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ដែលផ្តល់អាហារូបករណ៍ដល់និសិ្សតអ៊ិស្លាមកម្ពុជា ទៅសិក្សានៅអារ៉ាប៊ីសាអូឌីត ក៏ដូចជាជំនួយមនុស្សធម៌
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី៣ ខែ តុលាឆ្នាំ២០១៩នេះបានទទួលជួប ជាមួយឯកឧត្តម សាអ៊ូដ អាល់ស៊ូវ៉ែលីម( H.E.Mr. Saod F.M AL Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំ នៅកម្ពុជា។

បន្ទាប់ពីចប់នួបពិភាក្សាឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ឲ្យដឹងថានៅក្នុងឱកាសនោះដែរឯកឧត្តម ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំ នៅកម្ពុជា បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាកម្ពុជា ថាកម្ពុជា -អារ៉ាប៊ីសាអូឌីត មានកិច្ចសហប្រតិបត្តិការគ្នាល្អ និងមានកិច្ចសហការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ ទេសចរណ៍។ 

ជាមួយគ្នានោះដែរឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត សន្យាបន្តជំរុញអ្នកវិនិយោគ ទេសចរណ៏ អារ៉ាប៊ីសាអូឌីត មកវិនិយោគ និងមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ក៏បានជំរាបជូនសម្តេចប្រធានរដ្ឋសភាបន្ថែមទៀតថាកម្ពុជា និងអារ៉ាប៊ីសាអូឌីតសហការរួមគ្នា ប្រយុទ្ធប្រឆាំងរាល់អំពើភេរវកម្ម។

ជាការឆ្លើយតបសម្តេចអគ្គមហាពញាចក្រីហេងសំរិនមានប្រសាសន៍ថា ប្រទេស ទំាងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាទើបតែជិត១០ឆ្នាំប៉ុណ្ណោះប៉ុន្តែទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រទាំងពីរ ត្រូវលើកកម្ពស់គួរឲ្យកត់សំគាល់។ 

សម្តេចប្រធានរដ្ឋសភាបានបន្តទៀតថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌី ដោយបានបង្កើត នូវកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ជាពិសេស ការគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងវេទិកាអង្គសហប្រជាជាតិ ហើយកិច្ចសហប្រតិបត្តិការទំាងនេះ ថែមទាំងបាន រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍទំាងក្នុងតំបន់ និងសក លោក។ 

 ជាមួយគ្នានេះ សម្តេចបានស្នើឯកឧត្តម ជួយជំរុញ បង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដែលនៅមានកំរិតនៅ ឡើយ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយ ជំរុញលើកទឹកចិត្តប្រជារាស្រ្តអារ៉ាប៊ីសាអូឌីត មកធ្វើវិនិយោគ និងធ្វើទេសចរណ៍កម្សាន្ត នៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានបរិយាកាសវិនិយោគច្រើន វិស័យ និងជា សក្តានុពលទេសចរណ៍នៅអាស៊ី។ 

សម្តេចប្រធានរដ្ឋសភាបានអរគុណរាជរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ដែលកន្លងមកបានជួយផ្តល់អាហារូបករណ៍ដល់និសិ្សត អ៊ិស្លាមកម្ពុជា បានទៅសិក្សានៅអារ៉ាប៊ីសាអូឌីត ក៏ដូចជា ជំនួយមនុស្សធម៌ជាអង្ករដល់កម្ពុជា៕អត្ថបទ: វង សុភ័ក្ត្រ -រូបភាព: ប៉ក់ សុខឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation