ពលរដ្ឋខេត្តកំពង់ចាម៧៦គ្រួសារបន្តទទួលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គ ខណៈមនុស្ស១០នាក់បានស្លាប់ក្នយងឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ បើយោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាមនិងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាន បញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាមបានស្រកចុះជាបន្តបន្ទាប់គឺនៅសល់ផ្ទះប្រជាពលរដ្ឋ៧៦គ្រួសារ ដែលទទួលរងផលប៉ះ ពាល់ដោយទឹកទន្លេមេគង្គ ក្នុងនោះរួមមាន៖ ស្រុកស្ទឹងត្រង់៤៦គ្រួសារ ស្រុកកងមាស១៧គ្រួសារ និងនៅស្រុកជើងព្រៃ ១៣គ្រួសារ ហើយប្រជាពលរដ្ឋដែលបានជម្លៀសទៅទួលសុវត្ថិភាព គឺនៅសល់ចំនួន១២១គ្រួសារ។

នៅក្នុងរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមដដែល បានបញ្ជាក់ទៀតថា នៅក្នុងកំឡុងពេលទឹកទន្លេមេគង្គបានឡើងនិងបានស្រកជាបន្តបន្ទាប់នេះ បានបណ្តាលឲ្យមនុស្សចំនួន១០នាក់ បានស្លាប់បាត់បង់ជីវិត ជាមួយគ្នានេះ ករណីពស់ចឹក ឬសត្វអាសិរពិសទិច ឬខាំ មានចំនួន ០៣នាក់។ ក្រៅពីការារងការខូចខាតហេដ្ឋរចនាសម្ព័ន្ធនានា និងការបាក់ស្រុតច្រាំងទន្លេក្នុងនោះ ទឹកទន្លេមេគង្គបានធ្វើឲ្យខូចខាត ដំណាំស្រូវចំនួន១០៧៨ហិកតា និងដំណាំរួមផ្សំផ្សេងៗទៀត ចំនួន១៨៤ហិកតាផងដែរ។

បើទោះបីជាស្ថានភាពកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានស្រកជាបន្តបន្ទាប់ក៏ដោយ ក៏រដ្ឋបាលខេត្តកំពង់ចាមដែលមាន ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយ នៅតែបន្តរៀបចំកិច្ចប្រជុំពិភាក្សាការងារគ្រោះមហន្តរាយទឹកជំនន់ តាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីជាការ ឆ្លើយតប និងការស្តារឡើងវិញ ក្រោយពីទឹកទន្លេមេគង្គបានស្រក។

ជាមួយទឹកទន្លេមេគង្គបានស្រកនេះដែរ ប្រជាកសិករ ស្ថិតនៅតាមភូមិ ក្នុងស្រុកជាប់ដងទន្លេមេគង្គក្នុង ខេត្តកំពង់ចាមជាច្រើន គ្រួសារបានចាប់ផ្តើមភ្ជួរដី បូមទឹកដាក់ស្រែ ស្តុបទឹក ទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំង និងការបង្ករបង្កើនផលដំណាំ ផ្សេងៗទៀត។

ចំពោះស្ថានភាពទឹកទន្លេមេគង្គបានឡើងនិងស្រកទៅវិញនេះ ប្រជាកសិករធ្វើស្រែចំការ បានបញ្ជាក់ថា ទឹកទន្លេមេគង្គក្នុងឆ្នាំនេះ បានឡើងធំនិងលឿន ហើយស្រកវិញក៏លឿន ហើយទឹកទន្លេមេគង្គក៏បាននាំដីល្បាប់ជាច្រើន និងបង្ករលក្ខណៈងាយស្រួល ក្នុងការធ្វើស្រែចំការរបស់ពួកគាត់ពីព្រោះដីមានជីជាតិ ដីជ្រាយ មិនរឹង ងាយស្រួលភ្ជួរ សត្វល្អិតចង្រៃក៏ងាប់ ស្មៅក៏ងាប់ដោយមិនត្រូវការចំណាយថវិការច្រើនក្នុងការដាំដុះ៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation