ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី២៨ ឧសភា ព្រឹត្តិការណ៍កីឡាជាតិលើកទី២ចែកមេដៃអស់៣១១គ្រឿង

image

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារ៍នេះ ក្រសួងអប់រំ យុវជននិងកីឡា និង គណកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញលទ្ធផលមេដាយនៃការប្រកួតកីឡាជាតិលើកទី២ គិតត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ ដោយបង្ហាញថា មានមេដៃសរុប ៣១១គ្រឿង ហើយ ត្រូវបានចែកទៅដល់ក្រុមអត្តពលិក ដែលក្នុងនោះ មានមេដៃមាស ៩១ មេដៃប្រាក់ ៩១ និងមេដៃសំរិទ្ធ ១២៩គ្រឿង។

យោងតាមតារាងក្រុម និងរាជធានីខេត្ត ដែលទទួលបានមេដៃ គឺប្រតិភូកីឡាក្រសួងមហាផ្ទៃទទួលបានមេដៃមាស ច្រើនជាងគេ រហូតដល់ ២២គ្រឿង ខណៈដែលប្រតិភូកីឡារាជធានីភ្នំពេញ ទទួលបានមេដៃសរុបច្រើនជាងគេរហូតដល់៤៩គ្រឿង។

តាមតារាងលទ្ធផលដដែលនេះ ប្រតិភូកីឡាចំនួន ៥ ស្ថិតលើកំពូលតារាង រួមមាន ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ខេត្តកណ្តាល។ ក្នុងចំនោមនោះ ប្រតិភូកីឡាចំនួន ៥ ខេត្ត កំពុងស្ថិតនៅបាតតារាងដែលរួមមានខេត្តកែបបានមេដៃសំរិទ្ធមួយ ខណៈដែលខេត្តប៉ៃលិន រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ មិនទាន់រកបានមេដៃមួយសម្រាប់ខេត្តខ្លួននៅឡើយទេ។

សូមជំរាបថា ព្រឹត្តការណ៏កីឡាជាតិលើកទី ២ រៀបចំឡើងក្រោមប្រធានបទ «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែឧសភា ហើយនឹងត្រូវបិទនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។ការប្រកួតកីឡាជាតិលើកទី២នេះ មានកីឡាករ កីឡាករិនី និងគ្រូបង្វឹកចូលរួម សរុប ៤.១៦៣នាក់ មកពីក្រសួង រាជធានី-ខេត្តចំនួន២៥ លើប្រភេទកីឡាចំនួន២៧ រួមមានវិញ្ញាសារចំនួន២៧៤៕

អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា