ព័ត៌មានជាតិ

ក្រសួងរ៉ែផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ដើម្បីទាក់ទាញអ្នកវិនិយោគលើធនធានប្រេងកាតឲ្យមានប្រសិទ្ធភាព

image

ភ្នំពេញ៖នៅថ្ងៃទី០៤ តុលា ឆ្នាំ២០១៩ ក្រសួងរ៉ែនិងថាមពលផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ដែលជាច្បាប់គោលចាំបាច់ បំផុតក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានប្រេងកាតនិងផលិតផលប្រេងកាតនៅក្នុងប្រទេសកម្ពុជា។ ដោយយោងលើការចាំបាច់ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យចូលមកវិនិយោគលើធនធានប្រេងកាត និងដើម្បីរៀបចំការគ្រប់គ្រង និងអភិវឌ្ឍធនធានប្រេងកាតឲ្យមានប្រសិទ្ធភាព និងស្របតាមបទដ្ឋានអន្តរជាតិ អតីតរដ្ឋកម្ពុជា បានអនុម័តបទប្បញ្ញត្តិប្រេងកាតនៅឆ្នាំ១៩៩១ ដែលជាមូលដ្ឋានគ្រឹះក្នុងការបើកផ្លូវឲ្យអ្នកវិនិយោគទុនចូលរួមធ្វើការដេញថ្លៃជាលក្ខណៈអន្តរជាតិលើកទី១។

ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលថ្លែងក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រង ប្រេងកាតនិងផលិតផលប្រេងកាត ថា អាស្រ័យដោយបទប្បញ្ញត្តិប្រេងកាតឆ្នាំ១៩៩១ ពុំអាចឆ្លើយតបទៅនឹងការវិវត្តនៃវិស័យប្រេងកាតក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់កម្ពុជា នាពេលបច្ចុប្បន្នហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបានរៀបចំតាក់តែងឡើងវិញនូវច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ដើម្បីទាក់ទាញនិងផ្តល់ទំនុកចិត្តបន្ថែមដល់អ្នកវិនិយោគទុន និងដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ ស្របពេលដែលការស្វែងរុករកនិងការអភិវឌ្ឍធនធានប្រេងកាត ទាំងដែនគោក និងដែនសមុទ្រ កំពុងដំណើរការទៅមុខ។

ឯកឧត្តមបានបន្តថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាតនេះ ត្រូវបានតាក់តែងឡើងជាលើកដំបូង ដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលដោយមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់នៃធនាគារអភិវឌ្ឍន៍អាស៊ីក្នុងឆ្នាំ១៩៩៦ និងមានការពិនិត្យបន្ថែមទៀតពីអ្នកជំនាញការច្បាប់មកពីក្រុម ហ៊ុនជប៉ុន Idemitsu Oil and Gas។ ចាប់តាំងពីឆ្នាំ២០០៦ អតីតអាជ្ញាធរប្រេងកាតជាតិកម្ពុជា បានយកសេចក្តីព្រាង ច្បាប់នេះមកកែសម្រួលឡើងវិញ ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេសនិងអ្នកជំនាញផ្នែកច្បាប់ ជាតិនិងអន្តរជាតិនានា។ ក្រោយពីអតីតអាជ្ញាធរប្រេងកាតជាតិកម្ពុជា ត្រូវបានធ្វើសមាហរណកម្មមកក្រោមក្រសួងរ៉ែ និងថាមពលក្នុងឆ្នាំ២០១៣ ច្បាប់នេះត្រូវបានបន្តកែសម្រួលបន្ថែមដោយបញ្ចូលបរិបទថ្មីៗមួយចំនួនផ្អែកលើបទពិសោធន៍នៃបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសន័រវ៉េស, អូស្រ្តាលី, ជប៉ុន, ឥណ្ឌូនេស៊ី, ថៃ, វៀតណាម, ទីម័រខាងកើត, ម៉ាឡេស៊ី និងប្រ៊ុយណេ ជាដើម។

សូមបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការរៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ក្រុមការងារក្រសួងរ៉ែនិងថាមពល ក៏ដូចជា រាជរដ្ឋាភិបាល បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ កែសម្រួល និងពិភាក្សាជាច្រើនលើកច្រើនសារស្របតាមនីតិវិធីក្នុងការតាក់តែងច្បាប់ ជាពិសេសច្បាប់នេះក៏ត្រូវបានដាក់ឲ្យពិគ្រោះ យោបល់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល និងបណ្តាក្រុមហ៊ុនប្រេងកាតចំនួន០៤លើកផងដែរ កាលនៅជាសេចក្តីព្រាង។ ដូច្នេះច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ចែកចេញជា ៩ជំពូក និង ៧២មាត្រា៕ដោយ៖ ចេង ឆហួត


ព័ត៌មានទាក់ទង...