សម្តេចតេជោ ដឹកនាំគណៈប្រតិភូ វិលមកដល់មាតុភូមិវិញហើយ ក្រោយបំពេញទស្សនកិច្ចផ្លូវការ២ថ្ងៃ នៅវៀតណាម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី៥ ខែតុលានេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា វិលមកដល់មាតុភូមិវិញហើយ ប្រកបដោយសុវត្ថិភាព ​បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ ​ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ តុលា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម។


សម្តេចតេជោ នាយករដ្ឋមន្ត្រី​ តាមរយៈទំព័រហ្វេសប៊ុក បានមានប្រសាសន៍ថា ​ដំណើរទស្សនៈកិច្ចផ្លូវការ រយៈពេល២ថ្ងៃនេះ សម្តេចបានជួបប្រជុំទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រី និងមន្រ្តីសំខាន់ៗ ព្រមទាំងអ្នកវិនិយោគគិនវៀតណាមជាច្រើនរូប។


សម្តេចបានបន្តថា ប្រទេស​ទាំងពីរ (កម្ពុជា-វៀតណាម) បានសម្រេចនូវការងារសំខាន់ៗជាច្រើន រួមទាំង រួមគ្នាជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្ត និងគៀងគរអ្នកវិនិយោគពីវៀតណាម មកវិនិយោគនៅកម្ពុជា ឲ្យបានច្រើនថែមទៀត។ ជាពិសេស ប្រទេស​ទាំងពីរ សម្រេចបានដំណោះស្រាយ បញ្ហាព្រំដែនរួម ដែលមកទល់ពេលនេះ ​បានឯកភាពដោះស្រាយបាន៨៤% ហើយ​នឹងខិតខំបន្តទៀត ដើម្បីដោះស្រាយបញ្ចប់។


សម្តេចតេជោ បានបញ្ជាក់ថា នេះជាការខិតខំ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខ្សែព្រំដែន នៃប្រទេសជិតខាង​របស់កម្ពុជា ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
សូមជម្រាបថា នៅក្នុងអំឡុងពេល ដំណើរទស្សនៈកិច្ចនេះ, សម្តេចតេជោនាយករដ្ឋមន្រ្តី ​និងឯកឧត្តម នាយករដ្ឋមន្រ្តី ង្វៀន សួនហ្វ៊ុក បានធ្វើជាសហប្រធាន ក្នុងសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងវៀតណាម និងបានធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគី​ចំនួន៨ រួមមាន៖
(១) កិច្ចព្រមព្រៀងផ្តល់ជំនួយ លើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
(២) កិច្ចព្រមព្រៀងផ្តល់ជំនួយ សម្រាប់ការសាងសង់ សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិ ផ្តល់សេវាកម្មព្យាបាល ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។
(៣) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក លើការងារគយ។
(៤) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជំរុញពាណិជ្ជកម្ម។
(៥) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម នៅតាមព្រំដែន។
(៦) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួល ផ្សារគំរូព្រំដែនកម្ពុជា (នៅខេត្តត្បូងឃ្មុំ)។
(៧) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការ លើវិស័យថាមពលអគ្គិសនី។
និងទី(៨) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ៕អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation