ប្រមុខរាជរដ្ឋាភិបាល ថ្លែងអំណរគុណ ដល់អង្គការសហប្រជាជាតិ​ ដែលបានគាំទ្រ និងទទួលស្គាល់ របៀបវារៈទី១៩ របស់កម្ពុជា ស្តីពីបញ្ហាមីន
| ព័ត៌មានជាតិ
SHARE


​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ បានអនុញ្ញាតឱ្យលោកជំទាវ ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ និងជាតំណាងអង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវ គោរពជម្រាបជូនសម្តេចតេជោថា លោកជំទាវមកបំពេញបេសកកម្ម នាកម្ពុជានាពេលនេះ គឺជាពេលដែលអង្គការសហប្រជាជាតិ មានមូលដ្ឋានយ៉ាងរឹងមាំនៅកម្ពុជា ក្នុងការបំពេញការធ្វើកិច្ចសហប្រតិបត្តិការ ការជួបពិភាក្សា រវាងភ្នាក់ងារអង្គការសហប្រជាជាតិ ជាមួយនឹងរាជរដ្ឋាភិបាល គឺបានប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ ហើយការពិភាក្សាគ្នានេះ មានសារៈសំខាន់ណាស់ គឺផ្តល់ឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអង្គការសហប្រជាជាតិ​​ ជាមួយនឹងរាជរដ្ឋាភិបាល គឺមានប្រសិទ្ធិភាពខ្ពស់ ហើយមានគុណភាពខ្ពស់ផងដែរ។
លោកជំទាវ បានសម្តែងនូវការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍ និងការទទួលបានជោគជ័យ របស់កម្ពុជា ជាពិសេស ការសម្រេចបាននូវការអភិវឌ្ឍសហវត្សរ៍ គោលដៅអភិវឌ្ឍន៍សហវត្សរ៍ ឆ្នាំ២០៣០។ លោកជំទាវ ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងប្រជាជនកម្ពុជា ដែលបានចូលរួមចំណែក ក្នុងការថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។លោកជំទាវ បានមានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសមួយ ដែលបានបញ្ជូនកងទ័ពទៅបម្រើសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន ហើយអង្គការសហប្រជាជាតិ បានចាត់ទុកថា កម្ពុជាគឺជាប្រទេសគំរូមួយ ព្រោះកម្ពុជាជាប្រទេសមួយ ធ្លាប់បានទទួលកងទ័ពអង្គការសហប្រជាជាតិ ដើម្បីស្វែងរកសន្តិភាព ប៉ុន្តែត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ កម្ពុជាបានក្លាយជាប្រទេសមួយ ដែលបានបញ្ជូនកងទ័ព ទៅជួយថែរក្សាសន្តិភាព ជាមួយនឹងប្រទេសដទៃទៀត។
ពីនោះទៅទៀត លោកជំទាវ បានជម្រាបជូនសម្តេចតេជោដែរថា អង្គការសហប្រជាជាតិ ទទួលស្គាល់នូវររៀបវារៈទី១៩ របស់កម្ពុជា ដែលនៅក្នុងគោលដៅអភិវឌ្ឍន៍សហវត្សរ៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ គឺមានរបៀបវារៈតែ១៨ទេ ប៉ុន្តែកម្ពុជាបន្ថែមមួយទៀត គឺរបៀបវារៈទី១៩ នោះគឺពាក់ព័ន្ធនឹងបញ្ហាមីន។ លោកជំទាវបានមានប្រសាសន៍ថា អង្គការសហប្រជាជាតិ សូមទទួលស្គាល់ ជាពិសេសប្រព័ន្ធអង្គការ នៅកម្ពុជា នឹងបន្តជួយដល់កម្ពុជា ក្នុងការជម្រុញសម្រេចឲ្យបាន នូវរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០៣០ខាងមុខ។លោកជំទាវ ក៏បានជម្រាបជូនសម្តេចតេជោ ផងដែរថា ប្រព័ន្ធអង្គការសហប្រជាជាតិ គឺប្តេជ្ញាធ្វើការរួមជាមួយនឹងកម្ពុជា និងគាំទ្រកម្ពុជា ចំពោះការរៀបចំឲ្យមានប្រព័ន្ធសុវត្ថិភាព សន្តិសុខ ដល់កម្មករកម្មារិនី ដែលសម្តេចបានប្រកាសកន្លងមកនេះ។

ជាការឆ្លើយតបសម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពណាស់ ដែលបានធ្វើការជាមួយអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព មកដល់ពេលនេះកម្ពុជា បានបញ្ជូនកងទ័ពប្រមាណ១ពាន់នាក់ហើយ ហើយវាជាកាតាព្វកិច្ច របស់កម្ពុជា ក្នុងការធ្វើការភាពជាដៃគូ ជាមួយអង្គការសហប្រជាជាតិ។
សម្តេចក៏បានថ្លែងអំណរគុណ ដល់អង្គការសហប្រជាជាតិផងដែរ ដែលបានគាំទ្រ និងទទួលស្គាល់ របៀបវារៈទី១៩ របស់កម្ពុជា ព្រោះបញ្ហាមីន គឺមានសំខាន់ណាស់ សម្រាប់កម្ពុជា។ លើសពីនេះទៀត សម្តេចតេជោ បានលើកទឹកចិត្ត ឲ្យប្រព័ន្ធភ្នាក់ងារ អង្គការសហប្រជាជាតិទាំងអស់ ធ្វើការជាមួយនឹងស្ថាប័នកម្ពុជា ព្រោះថាជារៀងរាល់ឆ្នាំ យើងតែងតែមានកិច្ចជួបពិភាក្សាគ្នា ជាប្រចាំ ប៉ុន្តែមួយឆ្នាំម្តងគឺមានរយៈវែងណាស់ ដូច្នេះសូមលើកទឹកចិត្ត ពិចារណាមើល ធ្វើយ៉ាងណាអាចបង្កើតជាក្រុមការងារ របស់អង្គការសហប្រជាជាតិ ធ្វើការនៅចម្លោះមួយឆ្នាំ ជាមួយនឹងភាគីស្ថាប័នកម្ពុជា ដើម្បីធ្វើយ៉ាងណាជម្រុញឲ្យកិច្ចពិភាក្សាប្រចាំឆ្នាំនេះ មានគុណភាពផង និងប្រសិទ្ធិភាពផង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation