ឧកញ៉ា ហាក់ សុវណ្ណា ជាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាខេត្តកំពត-កែប ក្នុងអាណត្តិទី១
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញសភាពាណិជ្ជកម្មកម្ពុជាតាមមណ្ឌលនីមួយៗ ត្រូវបង្កើនការ យកចិត្តទុកដាក់ ក្នុងការស្វែងរកដៃគូវិនិយោគ ទាំងក្នុងនិងក្រៅស្រុកជូនដល់ពលរដ្ឋនិងអាជីវករ ផលិតករ ស្វែងរកទីផ្សារ ផលិតផលនានា ឲ្យមានស្ថិរភាព និងមានលក្ខណៈស្តង់ដារ ហើយប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ត្រូវសហការគ្នា ឲ្យបានល្អក្នុងគោលបំណងសម្រេចទិសដៅរួម។

ថ្លែងក្នុងពិធីប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលខេត្តកំពត-កែបអាណត្តិទី១ លើកទី១ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តម វេង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើថា បច្ចុប្បន្នសភាពាណិជ្ជកម្មកម្ពុជា មានច្បាប់ និងបទបញ្ជាផ្ទៃក្នុងបានចែងយ៉ាងលម្អិត និងច្បាស់អំពីតួនាទីការងារ របស់សភាពាណិជ្ជកម្មកម្ពុជា រាប់ចាប់ពីការធ្វើទំនាក់ទំនងជាមួយអ្នកវិនិយោគទុនក្នុងនិងក្រៅស្រុក ស្វែងរកអាជីវករមាន សក្តានុពលដើម្បីជួយជំរុញឲ្យការងារពួកគេមានដំណើរការល្អជាដើម។

ឯកឧត្តម វេង សុធី បន្តថា ដោយឡែកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ក៏ត្រូវអនុវត្តតាមច្បាប់ និងគោលការណ៍ នៃបទបញ្ជាផ្ទៃក្នុងផងដែរ ហើយពិសេសត្រូវស្វែងយល់ អំពីការលំបាកផ្សេងៗ ក្នុងការផលិត ការស្វែករកទីផ្សារ និងការស្វែងរកបច្ចេកទេស បច្ចេកវិទ្យាថ្មីៗ ជូនដល់ប្រជាពលរដ្ឋ ផលិតករ និងអាជីវករ។

ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្ម បានគ្រប់ដណ្តប់លើវិស័យជាច្រើន ដូច្នេះហើយទាំងប្រធាន និងសមាជិគជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលកំពត-កែប ត្រូវសហការ គ្រប់គ្រង បែងចែក និងចែករំលែកការងារគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលរួម តាមការចង់បានរបស់អាជីកររាប់ពាន់នាក់ដែលបានមកបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតនេះប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពីឯកឧត្តម ម៉ៅ ថូរ៉ា និងឯកឧត្តម វេង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកហាស់ សូបិន អភិបាលរងខេត្តកំពត មានរយៈពេលមួយថ្ងៃ គឺចាប់បើកការិយាល័យបោះឆ្នោតពីម៉ោង៨ព្រឹកនិងបិទរាប់សន្លឹកឆ្នោត នៅវេលាម៉ោង ៣រសៀលថ្ងៃដដែល។

ដំណើរការបោះឆ្នោតបានប្រព្រឹត្តតាមនីតិវិធីដោយ មានអ្នកចូលរួមក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលជាអាជីវករ ពាណិជ្ជករ ឧស្សាហករ សេវាករសរុបចំនួន៤២២នាក់ និងមានបេក្ខជន ឈរឈ្មោះចំនួន២០រូបដើម្បីបោះឆ្នោតជំរុះ៥រូប ដោយជ្រើសរើស យកតែ១៥រូប។


ជាលទ្ធផលក្នុងចំណោមសមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ទាំង១៥រូបដែលជាប់ឆ្នោតថ្មីនេះ ត្រូវបានបន្ត បោះឆ្នោតផ្ទៃក្នុង ជូនឯកឧត្ដមឧកញ៉ា ហាក់ សុវណ្ណាជាប្រធានដឹកនាំសភាពាណិជ្ជកម្មកម្ពុជាខេត្តកំពត-កែបក្នុងអាណត្តិទី១ លើកទី១នេះ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation