ផ្លូវ ស្ពាន សាលារៀន សេវាសុខភាព និងសេវាសាធារណៈ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ ជូនពលរដ្ឋគ្រប់មូលដ្ឋានក្នុងស្រុកបូទុមសាគរ
| ព័ត៌មានជាតិ
SHARE

កោះកុង ៖បន្ទាប់ពីដឹងច្បាស់បញ្ហាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ អភិបាលស្រុកបូទុមសាគរ សម្រេចចេញបេសកកម្មចុះជួបសំណេះសំណាលនិងបង្ហាញខ្លួនឲ្យពុកម៉ែ បងប្អូន គ្រប់មូលដ្ឋាន បានស្គាល់ក្នុងន័យរឹតចំណងសាមគ្គីភាព ឲ្យកាន់តែស្និទស្នាល ដូចគ្រួសារតែមួយ។

តាមរយៈការចេញបង្ហាញខ្លួនក្នុង ពេលនេះ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ដែលទើបចូលកាន់តំណែងថ្មី ក៏បានដឹកនាំមន្ត្រីគ្រប់ជំនាញ ចុះពិនិត្យនិងអនុវត្តភ្លាមៗតែម្តង តាមលទ្ធភាពរបស់ខ្លួន។ ករណីជួបបញ្ហា ធ្ងន់ធ្ងរហួសពីសមត្ថភាព លោកអភិបាលស្រុកបូទុមសាគរ លើកឡើងថា លោកនឹងធ្វើរបាយការណ៍ ទៅលោកជំទាវអភិបាលខេត្តដើម្បីរកដំណោះស្រាយអោយបានទាន់ពេលវេលាក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងជួបបញ្ហាលំបាក។

ក្នុងដំណើរចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅពេលនេះ ធ្វើឲ្យលោកអភិបាលស្រុកបូទុមសាគរ ទទួលបាននូវសំណូមពរជាច្រើនករណី ដូចជាបញ្ហាខ្វះខាតទឹក ស្អាត អគ្គិសនី ផ្លូវលំជាច្រើនខ្សែ សាលារៀន សេវាសុខភាពនិងសេវាសាធារណៈ នៅតាមតំបន់ដាច់ស្រយ៉ាល។ 

ដោយមើលឃើញស្ថានភាពជាក់ស្តែងនៅចំពោះមុខ លោកហាក់ ឡេង អភិបាលស្រុកបូទុមសាគរបានជម្រុញដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ  ត្រូវតែក្លាហានក្នុងការបញ្ចេញមតិ លើកឡើងអោយអស់រាល់ទុក្ខកង្វល់ទាំងឡាយ  ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីជំនាញថ្នាក់ស្រុកទទួលយកមកធ្វើការបែងចែកនិងដោះស្រាយបន្តដោយមិនបង្អង់យូរឡើយ ។ លើកលែងតែករណីមួយគត់ ដែលលោកសុំធ្វើការពន្យាពេល នោះគឺរឿងរ៉ាវពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដោយលោកបានអះអាងថា រូបលោកទើបតែចូលកាន់តំណែងថ្មី ដូច្នេះលោកពុំបានជ្រាបច្បាស់និងក្តាប់ទិន្នន័យបានជាក់លាក់នៅឡើយ។

ប៉ុន្តែទោះយ៉ាងណា លោកអភិបាលស្រុកនៅតែទទួលយកនូវសំណើរ រឿងរ៉ាវពាក់ព័ន្ធនិងបញ្ហាដីធ្លីនេះ ទុកមួយអន្លើរងចាំការស្រាវជ្រៀវ របស់មន្ត្រីជំនាញជាមុនសិន រួចហើយនឹងដោះស្រាយនៅពេលខាងមុខ។  

រាល់សកម្មភាព ដែលកំពុងអនុវត្តនាពេលនេះ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា អាចទទួលយកនិងទុកចិត្តបាន ខណៈអភិបាលស្រុករូបនេះ ទើបតែចូលបំរើការងារមិនទាន់បានមួយខែពេញនៅឡើយ៕ដោយ៖តាំង សុន្នី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation