ក្រុមហ៊ុនដ៏ធំរបស់អាល្លឺម៉ង់បានអះអាងចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថា នៅតែបន្តឆន្ទៈយ៉ាងមុតមាំក្នុងការវិនិយោគនៅកម្ពុជា ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានដំណើរឈានទៅមុខ​
| ព័ត៌មានជាតិ
SHARE

​ក្រុមហ៊ុនដ៏ធំមួយរបស់អាល្លឺម៉ង់ដែលបានវិនិយោគរកស៊ីនៅកម្ពុជាអស់រយៈពេល២០ឆ្នាំមកហើយនោះ បានប្រកាសជំហរបន្តការរកស៊ីនៅកម្ពុជាបន្តទៅទៀត បន្ទាប់ពីឃើញសេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានដំណើរឈានទៅមុខយ៉ាងល្អប្រសើរ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក ម៉ាកុស ឡូរិនហ្ស៊ីនី (Markus Lorenzini )អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Siements អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន នៅវិមានសន្តិភាព។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន លោកនាយកប្រតិបត្តិក្រុមហ៊ុន SIEMENS បានលើកឡើងថា កម្ពុជាកំពុងបន្តរីកចម្រើនយ៉ាងប្រសើរលើសេដ្ឋកិច្ចជាតិ ហើយលោកជឿជាក់ថា នឹងមានអនាគតត្រចះត្រចង់។ លោក Markus Lorenzini បានអះអាងថា ក្រុមហ៊ុនរបស់លោកនៅតែបន្តឆន្ទៈយ៉ាងមុតមាំក្នុងការវិនិយោគនៅកម្ពុជា។

លោក Markus Lorenzini បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកសហការរកស៊ីជាមួយក្រុមហ៊ុនមួយចំនួននៅកម្ពុជា ហើយក៏បានសហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនីផងដែរ។

លោក Markus Lorenzini បានលើកឡើងបន្តថា ការធ្វើឱ្យមានស្ថេរភាពផ្នែកថាមពលអគ្គិសនី ក៏ជាផ្នែកមួយក្នុងការទាក់ទាញអ្នកវិនិយោគមករកស៊ីនៅកម្ពុជាផងដែរ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអរគុណដល់ក្រុមហ៊ុន SIEMENS ដែលបានមកវិនិយោគនៅកម្ពុជា ហើយបន្តរក្សាការរកស៊ីនៅកម្ពុជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ផងដែរ ចំពោះការសហការរបស់ក្រុមហ៊ុនជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ថាមពលអគ្គិសនី គឺជារឿងដ៏សំខាន់សម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់អភិវឌ្ឍន៍តាំងពីដើមមក។ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៧៣ភាគរយ មានអគ្គិសនីប្រើប្រាស់ ហើយភូមិរបស់ប្រជាពលរដ្ឋប្រមាណជា ៩២ភាគរយ បានតភ្ជាប់បណ្តាញអគ្គិសនី ជាមួយបណ្តាញជាតិ។

សម្តេចតេជោ បញ្ជាក់ទៀតថា នៅពេលថ្មីៗនេះ កម្ពុជា បានចុះហត្ថលេខាជាមួយឡាវ ទិញថាមពលអគ្គិសនី ដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា។

ជាមួយគ្នានេះសម្តេចតេជោក៏បានអរគុណដល់ក្រុមហ៊ុន SIEMENS ដែលបានជួយបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាពាក់ព័ន្ធបញ្ហាអគ្គិសនីនេះ។ សម្តេចតេជោ បញ្ជាក់ថា ការបណ្តុះបណ្តាលជារឿងមួយដ៏មានសារៈសំខាន់។

សូមជម្រាបថា ក្រុមហ៊ុន Siemens ជាក្រុមហ៊ុនខ្នាតអន្តរជាតិខាងផ្នែកវិស្វកម្មអគ្គិសនី ធ្វើការផ្គត់ផ្គង់ថាមពល បណ្តាញបញ្ជូន ការចែកចាយថាមពល និងការតភ្ជាប់បណ្តាញអគ្គិសនីជាតិនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន SIEMENS ក៏ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូចនិកដ៏ធំមួយនៅលើពិភពលោកផងដែរ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation