ថ្មជាង ៤០០ដុំ ដែលគរនៅខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ត្រូវបានកំណត់អត្តសញ្ញាណ និងស្គាល់ទីតាំងដើម
សៀមរាប៖ ក្រុមអ្នកជំនាញជួសជុលប្រាសាទ នៅខឿនរួតទី១ របស់ប្រាសាទបាយ័ន បានឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង ៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា ជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន។ ប៉ុន្តែ ចំពោះថ្មជាច្រើនទៀត គេមិនទាន់ដឹងថា មានប្រភពមកពីណានៅឡើយទេ។
លោក ញ៉ុក ឡូ ជាអ្នកជំនាញរកថ្ម និងបុគ្គលិកជួសជុលប្រាសាទរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងការរើគំនរថ្មទិសខាងត្បូងប៉ែកខាងលិចរបស់ប្រាសាទបាយ័ននៅជំហានដំបូងនេះ បានរកឃើញថ្ម និងអាចកំណត់អត្តសញ្ញាណជាច្រើនប្រភេទដូចជា ថ្មផ្តែរ ថ្មចិញ្ចើមព្រហ្ម ថ្មទងត្រចៀករបស់ព្រហ្មមុខបួន ថ្មសរសរពេជ្រ ថ្មហោជាង និងដំបូលរបស់ប្រាសាទបាយ័ន។
ដោយឡែក ថ្មមានចម្លាក់ជាទងត្រចៀក បបេមាត់ទាំងនោះ បានជ្រុះធ្លាក់ពីកំពូលមុខព្រហ្មលេខ២៧ រួមទាំងធ្លាក់ពីថែវទី២ ដែលនៅទល់មុខ និងគំនរថ្មនេះតែម្តង។ អ្នកជំនាញរូបនេះ បញ្ជាក់ទៀតថា ចំពោះដុំថ្មដែលអាចកំណត់អត្តសញ្ញាណបាន ត្រូវរៀបទុកមួយផ្នែកសម្រាប់យកមកផ្គុំគ្នាឡើងវិញ។ រីឯថ្មមួយចំនួនទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបាន ត្រូវទុកដាច់ដោយឡែកជាបណ្តោះអាសន្នសិន។
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី១ប្រាសាទបាយ័ន បានឱ្យដឹងថា មុននឹងឈានដល់ការជួសជុលថ្មកម្រាលដែលស្រុត និងជួសជុលប្រព័ន្ធបង្ហូរនៅទិសខាងត្បូងឆៀងខាងលិចនៅរួតទី១នៃប្រាសាទបាយ័នឡើងវិញ ជាដំបូងក្រុមការងារត្រូវរើគំនរថ្មដែលនៅខាងក្រោយជញ្ជាំងរោងទងនៃទីតាំងជួសជុលជាចាំបាច់។ ការងារជំហានទី១ ត្រូវចុះបញ្ជីថ្មនីមួយៗ និងរើម្តងមួយៗ បែងចែកទៅតាមប្រភេទថ្ម ដើម្បីងាយស្រួលរកតួនាទី និងទីតាំងរបស់វា លើកលែងតែថ្មដំបូលទាំងអស់ហ្នឹងត្រូវយកចេញទៅខាងក្រៅ រៀបគរលើគ្នាឱ្យមានសណ្ដាប់ធ្នាប់ អ្វីដែលយើងចង់បាន រកឃើញផ្នែកខាងលើបំផុតនៃតួប្រាង្គមុខបួន។
កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ជាផែនការ ក្រុមការងារនឹងព្យាយាមរុករកទីតាំងដើមរបស់គំនរថ្មនីមួយៗ ហើយបើសិនមានលទ្ធភាពនឹងរៀបចំថ្មដែលរកឃើញទាំងអស់នោះទៅទីតាំងដើមវិញនាពេលអនាគត៕