ព័ត៌មានជាតិ

ស្រូវពូជជាង២៣តោនត្រូវបានចែកជូនកសិកររងគ្រោះដោយទឹកជំនន់នៅស្រុកត្បូងឃ្មុំ

image

ត្បូងឃ្មុំ ៖ បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គចាប់ស្រកចុះទៅវិញ ដោយមើលឃើញពីការខ្វះខាតពូជស្រូវ ក្នុងការដាំដុះដំណាំស្រូវ និងតម្រូវការចាំបាច់របស់ប្រជាកសិករ លើការជួយកាត់បន្ថយចំណាយ ជាពិសេសជួយសម្រួលលទ្ធភាពស្តារឡើងវិញនូវដំណាំស្រូវដែលបានខូចខាតនាពេលកន្លងមក ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះសួរសុខទុក្ខនិងនាំយកពូជស្រូវប្រមាណជាង២៣តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាកសិករ២៨៥គ្រួសារ នៅលើផ្ទៃដីប្រមាណ២០០ហិកតា ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដុះបង្កបង្កើនផល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ នារដូវទឹកសម្រកនេះ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទី ទ័លក្រ មានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ និងចូលស្ដោកស្ដាយ ដល់ជនរងគ្រោះ ដោយសារទឹកជំនន់ ដែលបង្កខូចខាតដល់ផលដំណាំ និងទ្រព សម្បត្តិកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា ការចែកជូនពូជស្រូវនេះគឺជា ការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដោយពូជស្រូវនេះ គឺសម្រាប់ស្តារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះ ក្នុងពេលកន្លងមក ជាពិសេសជាប្រភេទ ពូជស្រូវដែលល្អ មានទីផ្សារល្អ និងរយៈពេលខ្លី នៃការប្រមូលផល បានឆាប់រហ័សទៀតផង។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ក្រៅពីការ ធ្វើកសិកម្មដំណាំស្រូវ គឺត្រូវដាំដំណាំ បន្លែបង្ការបន្ថែម នៅផ្ទៃដី ក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិ ដើម្បីជួយសម្រួលកម្រិតជីវភាពគ្រួសារបន្ថែមទៀតផងដែរ។

បើតាមរបាយការណ៍របស់លោក សេង សុខខឿន អភិបាល ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា គ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ ស្រុកត្បូងឃ្មុំ បានរងផលប៉ះពាល់ដល់ឃុំចំនួន ៦ លើផ្ទៃដី ប្រមាណ២០០ហិកតា។ ដោយឡែកថ្ងៃនេះប្រជាកសិករ ២៨៥ គ្រួសារ ទទួលបានស្រូវពូជល្អ ក្នុងការបង្កបង្កើនផល ដែលការ យកចិត្តទុកដាក់ខ្ពស់របស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពីសុខទុក្ខ ការរស់នៅ និងជីវភាពរបស់បងប្អូន ស្តែងឡើងតាមរយៈគ្រប់ សកម្មភាព ពិសេសរដូវទឹកដំឡើង ទឹកជន់លិចនាពេលកន្លងទៅ និងរដូវទឹកសម្រកនាពេលនេះ៕ដោយ៖ ជឹង សេងឡុង

ព័ត៌មានទាក់ទង...