ប្រធានាធិបតីវ៉េណេស៊ុយអេឡាបដិសេធថាគ្មានជាប់ពាក់ព័ន្ធក្នុងវិបត្តិនៅអេក្វាទ័រ
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានច្រានចោលការចោទប្រកាន់ដែលធ្វើឡើងដោយប្រធានាធិបតីអេក្វាឌ័រដែលថារូបលោករួមនិងអតីតប្រធានាធិបតីអេក្វាទ័រ លោក រាហ្វាអ៊ែល ខូរៀ (Rafael Correa) ជាអ្នករៀបចំបង្កើតនិងផ្ដល់លុយគាំទ្រឲ្យមានវិបត្តិនយោបាយក្នុងប្រទេសអេក្វាទ័រ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ លោក ម៉ាឌូរ៉ូ បានសើចចំអកចំពោះការចោទប្រកាន់នោះនិងបាននិយាយថារូបលោកមិនមានអំណាចពិសេសអ្វីអាចផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រទេសណាមួយស្រេចតែចិត្តនោះទេ។

គួរកត់សម្គាល់ថាប្រធានាធិបតីអេក្វាទ័របច្ចុប្បន្ន លោក ឡេនីន ម៉ូរ៉េណូ (Lenin Moreno) និងអតីតប្រធានាធិបតីអេក្វាទ័រ លោក ខូរៀ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការប្រព្រឹត្តអំពើពុករលួយនាប៉ុន្មានខែចុងក្រោយនេះហើយលោក ខូរៀ បាននិយាយថារូបលោករួមនិងសម្ព័ន្ធមិត្តរបស់លោកគឺជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។

អតីតប្រធានាធិបតីអេក្វាទ័រ លោក ខូរៀ ដែលកំពុងរស់នៅក្នុងប្រទេសបែលហ្ស៊ិកកំពុងប្រឈមនឹងដីការចាប់ខ្លួនពីបទពុករលួយដែលត្រូវបានចេញកាលពីឆ្នាំមុនក្នុងប្រទេសអេក្វាទ័រ។

ប្រទេសអេក្វាទ័របច្ចុប្បន្ននេះកំពុងមានភាពចលាចលដោយសារពលរដ្ឋចេញមកធ្វើការតវ៉ាទូទាំងប្រទេសដោយទាមទារឲ្យរដ្ឋាភិបាលបញ្ចប់ការរឹតត្បិតចំណាយនិងឲ្យអនុវត្តគោលការណ៍ឧបត្ថម្ភធនឡើងវិញដើម្បីបន្ថយថ្លៃប្រេងសាំង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation