ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃកើតឡើងនៅទូទាំងប្រទេសអូស្ត្រាលីនិងបំផ្លាញផ្ទះជាច្រើនខ្នង

image

ផ្ទះរហូតដល់ទៅ៣០ខ្នងត្រូវបានបំផ្លាញឬរងការខូចខាតធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃនៅក្នុងរដ្ឋញូសៅវ៉េល (New South Wales) ប្រទេសអូស្ត្រាលី។

ភ្លើងបានឆាបឆេះព្រៃជាច្រើនកន្លែងនៅទូទាំងរដ្ឋនេះនិងរដ្ឋឃ្វីនឡេន (Queensland) កាលពីថ្ងៃអង្គារនៅពេលដែលសីតុណ្ហភាពបានកើនឡើងរហូតដល់៤០អង្សាសេនៅតំបន់មួយចំនួន។

នៅថ្ងៃពុធនេះ មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេខណៈដែលក្រុមពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅក្នុងរដ្ឋទាំងពីរនោះ។

ផ្នែកជាច្រើនដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅភាគខាងកើតប្រទេសអូស្ត្រាលី បានជួបប្រទះនឹងហេតុការណ៍ភ្លើងឆេះព្រៃចាប់តាំងពីខែកញ្ញាមកដែលជាការចាប់ផ្តើមនៃរដូវក្តៅ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះភ្លើងបានឆាបឆេះព្រៃលើផ្ទៃដីជាង១០ម៉ឺនហិកតាហើយ៕