សម្ដេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីមូលហេតុដល់ប្រតិភូនាវាយុវជនទាំង២៩រូប របស់កម្ពុជា អំពីកម្ពុជាចូលជាសមាជិកអាស៊ានដោយផ្អែកលើកត្តា៤សំខាន់ៗ​
| ព័ត៌មានជាតិ
SHARE

​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយ កញ្ញា សុគុណ សុភក្ត្ររាសី ជួបសំណេះសំណាល និងទទួលអនុសាសន៍ នៅវិមានសន្តិភាព។

កញ្ញា សុគុណ សុភក្ត្ររាសី បានជម្រាបជូន​ សម្តេចតេជោ ហ៊ុន សែន ថាការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប។​ នេះជាលើកទី៤៦ហើយដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់តាំងពីការចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣​ តុលា ដល់១៣​ ធ្នូ ២០១៩ ។​ កញ្ញា បានបន្តទៀតថាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ តាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិកទាំង៥របស់អាស៊ាន ក្នុងនោះមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរីហ្វីលីពីន និងថៃ។

សម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ឆ្នាំ២០១៩ នេះប្រតិភូនាវាយុវជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុនដើម្បីប្រារព្ធកម្មវិធីបើកជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បន្ទាប់មកប្រតិភូនាវាយុវជនទាំងអស់ត្រូវបែងចែកជាក្រុមទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់មួយចំនួនក្នុងប្រទេសជប៉ុនមុននឹងប្រតិភូនាវាយុវជនចុះនាវាដើម្បីធ្វើដំណើរតាមផ្លូវទឹកពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាម សិង្ហបុរី​ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ហើយចុងក្រោយនេះវាយុវជននឹងត្រឡប់ទៅប្រទេសជប៉ុនវិញដើម្បីប្រារព្ធកម្មវិធីបិទ បន្ទាប់នឹងវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

ជាអនុសាសន៍សម្រាប់ប្រតិភូយុវជននេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរម្លឹកអំពីដំណើរវិវត្តន៍របស់កម្ពុជា ជាពិសេសការទទួលបានសុខសន្តិភាពពេញលេញ។​ សម្ដេចតេជោ ក៏បានលើកបង្ហាញពីមូលហេតុដែលកម្ពុជាដាក់អាទិភាពចូលជាសមាជិកអាស៊ានដោយផ្អែក លើកត្តា៤៖

ទី១)​ អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា

ទី២)​ អាស៊ានមានស្មារតីសហគមន៍គឺអាស៊ានសម្រេចកិច្ចការអ្វីៗដោយកុងសង់ស៊ីស មិនមែនសម្រេចដោយការបោះឆ្នោតឬ សម្រេចដោយការដាក់ទណ្ឌកម្មនោះទេ

ទី៣)​ដោយសារផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្នុងចំណុចនេះ សម្ដេចពន្យល់ថាដោយសារអាស៊ានមានដៃគូជាច្រើន ដូច្នេះពេលដែលយើងចូលអាស៊ាន, ដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ

ទី៤)​ អាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រតិភូនាវាយុវជនទាំង២៩រូប ឱ្យរៀបចំខ្លួនឱ្យ បានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេសប្រមាណ ១៦លាននាក់ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឱ្យក្រុមនាវាយុវជនទាំងអស់ទទួលបាននូវភាពជោគជ័យនៃកម្មវិធីនាវាយុវជននាពេលខាងមុខនេះផងដែរ៕អត្ថបទ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation