ក្រសួងពាណិជ្ជកម្ម គោះជួងពញ្ញាក់ស្មារតីប្រជាជនឱ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសឱ្យទំនិញ និងផលិតនាំចូលពីបរទេស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងជាសម្លេងជួងដើម្បីពញ្ញាក់ស្មារតីប្រជាជនកម្ពុជាទូទាំងប្រទេស ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយកសិករ ផលិតករកម្ពុជា នៅតាមមូលដ្ឋាន ជំនួសឱ្យទំនិញ និងផលិតនាំចូលពីបរទេសជាជំហានៗ។

ការមានប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីខាងលើ បានធ្វើឡើងក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ-ភូមិ១ ផលិតផល១ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៤ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសមូហភាព “គុយទាវភ្នំពេញ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ និងមានការចូលរួមពីឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គទូត តំណាងវិស័យឯកជន និងប្រជាពលរដ្ឋ ប្រមាណជាង ៤០០នាក់ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា យុទ្ធនាការទិញផលិតផលខ្មែរ នឹងរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើននៅតាមមូលដ្ឋាន ដោយបានផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញពួកគាត់ផលិតនូវទំនិញ និងសេវាកម្មដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ជាពិសេស គឺអាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែលបាននិងកំពុងហូរចូលមកទីផ្សារកម្ពុជា ខណៈដែលកម្ពុជាកំពុងអនុវត្តនូវរបបទីផ្សារសេរី ក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន។ តាមរយៈនៃការរៀបចំយុទ្ធនាការនេះ ផលិតផលកម្ពុជា មានការផ្លាស់ប្តូរចាប់ផ្តើមពីគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព តម្លៃ ការដាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងកំពុងមានវត្តមាននៅលើទីផ្សារក្នុងប្រទេស ដូចជាមានការដាក់លក់នៅក្នុងព្រលានយន្តហោះ ផ្សារទំនើប សណ្ឋាគារធំៗ និងនៅទីផ្សារក្រៅប្រទេស តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅបរទេស កាន់តែច្រើនឡើងជាបណ្តើរៗ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ថា ពិតណាស់ថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាសំឡេងជួងដាស់អង្រួន ស្មារតីប្រជាជនយើងឱ្យងាកមកគាំទ្រចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យបានច្រើនជាអតិបរមា ដើម្បីពង្រីកសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ពង្រឹងសមត្ថភាពផលិតកម្ម កសាងតម្លៃបន្ថែមលើផលិតផល និងសេវា បង្កើតការងារជូនប្រជាជន និងទប់ស្កាត់ការធ្វើចំណាកស្រុករបស់យុវជន។ សកម្មភាពពាណិជ្ជកម្មនេះ បានផ្សារភ្ជាប់គ្នាពីតំបន់ផលិតកម្ម មកទីផ្សារ ដោយបានធ្វើការជ្រើសរើសប្រមូលកៀគរផលិតផល ពីគ្រប់បណ្តាញ រាប់ចាប់តាំងពី ផលិតផល ដែលស្ថិតនៅក្នុងចលនាភូមិ១ ផលិតផល១ ជាដើម មកប្រមូលផ្តុំគ្នាបង្កើតជាឱកាសទីផ្សារ។

ជាមួយគ្នាដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានជំរុញលើកទឹកចិត្តដល់ផលិតករ សេវាករ និងពាណិជ្ជករ ធ្វើអាជីវកម្មប្រកបដោយភាពសុច្ចរិត និងខិតខំបង្កើតគំនិតច្នៃប្រឌិត អភិវឌ្ឍន៍ផលិតផល និងសេវាកម្មថ្មីៗប្រកបដោយគុណភាព សោភ័ណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ សម្រាប់បម្រើសេចក្តីត្រូវការទីផ្សារ ជាពិសេស សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យបានច្រើន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation