សម្រាប់៧ខែ ដើមឆ្នាំនេះ កម្ពុជាទទួលបានទេសចរជប៉ុន១៤ម៉ឺននាក់ ហើយជប៉ុននៅតែជាភ្ញៀវទេសចរដែលមានកំណើនសម្រាប់តំបន់ខេត្តសៀមរាប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅស្ដីការក្រសួងទេសចរលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានប្ដេជ្ញាថា នឹងជួយជំរុញអ្នកវិនិយោគ និងភ្ញៀវទេសចរឱ្យមកវិនិយោគ និងទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ក្រោយបញ្ចប់ជំនួបពិភាក្សាដែលបានធ្វើឡើងនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានឱ្យដឹងថា «លោករដ្ឋមន្ត្រី ថោង ខុន និងឯកអគ្គរាជទូតជប៉ុន បានកត់សម្គាល់អំពីការអភិវឌ្ឍ និងការវិវត្តថ្មីៗលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាក់ស្តែងកាលពី ឆ្នាំ២០១៨កន្លងមក ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ៦លាន២សែននាក់ មានភ្ញៀវទេសចរជប៉ុនជាង ២០ម៉ឺននាក់ ដោយឡែកសម្រាប់៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនសរុប ១៤ម៉ឺននាក់ ហើយភ្ញៀទេសចរជប៉ុននៅតែជាភ្ញៀវទេសចរដែលមានកំណើនសម្រាប់តំបន់ខេត្តសៀមរាប»។

ជាមួយគ្នានេះ លោក ថោង ខុន បានស្នើដល់ឯកអគ្គរាជទូតជប៉ុនជួយជំរុញឲ្យមានជើងហោះហើរត្រង់បន្ថែមទៀត ភ្ជាប់ទីក្រុងសំខាន់ៗរវាងប្រទេសជប៉ុន និងកម្ពុជា ដែលកន្លងមកនេះភាគីទាំងពីរមានជើងហោះហើរត្រង់ពីអាកាសយានដ្ឋានឡារីតា នៃទីក្រុងតូក្យូ មកកាន់រាជធានីភ្នំពេញ។ លោកសំណូមពរឲ្យភ្ជាប់ពីទីក្រុងតូក្យូមកកាន់ខេត្តសៀមរាប ក៏ដូចជាពីទីក្រុងសំខាន់ៗរបស់ជប៉ុនមកកាន់កម្ពុជាផងដែរ។

ព្រមជាមួយនឹងការស្នើសុំឲ្យឯកអគ្គរាជទូតជប៉ុន ជួយសម្រួលឲ្យមានស្លុតចុះយន្តហោះនៅទីក្រុងអូសាកា ដែលក្រុមហ៊ុនអាសចរណ៍កម្ពុជាអង្គរអ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិកំពុងតែមានការសិក្សាគម្រោងហោះហើរទៅកាន់ទីក្រុងអូសាកានេះ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុនជួយសិក្សារៀបចំខេត្តសៀមរាប ជាពិសេសក្រុងសៀមរាប និងក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ (Smart City) ព្រោះភាគីជប៉ុនមានបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចការទាំងអស់នេះ។ ព្រមជាមួយនឹងការជំរុញឲ្យមានការវិនិយោគលើវិស័យទេសចរណ៍កាន់តែច្រើន។

លោកបានកោតសរសើរពីការវិនិយោគរបស់ជប៉ុននៅរមណីយដ្ឋានវីគិរីរម្យ នៅខេត្តកំពង់ស្ពឺ និងជំរុញឲ្យមានវិនិយោគិន ជួយអភិវឌ្ឍន៍តំបន់ទេទឹកពុះ ដែលជាតំបន់ Hot Spring មួយដ៏ល្អនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយដែលភាគីជប៉ុនមានបទពិសោធន៍ច្រើនក្នុងការធ្វើការងារទាំងអស់នេះ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូតថ្មីរបស់ជប៉ុន បានទទួលយកសំណូមពររបស់លោករដ្ឋមន្ត្រី ក៏ដូចជាជំរុញឲ្យអ្នកវិនិយោគ ក៏ដូចជាវិស័យឯកជននានារបស់ជប៉ុន មកវិនិយោគលើវិស័យទេសចរណ៍បន្ថែមទៀត ពិសេសជំរុញនូវលំហូរភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជាផងដែរ។

លោក ថោង ខុន បានថ្លែងអំណរគុណភាគីជប៉ុន ក្នុងនាមជាសហប្រធាន ICC-អង្គរ ដែលបានជួយអភិរក្សតំបន់ប្រាសាទអង្គរ ក៏ដូចជាខេត្តសៀមរាប និងបានសំណូមពរឲ្យភាគីជប៉ុនបន្តកិច្ចសហប្រតិបត្តិការនេះ រហូតទៅដល់ប្រាសាទសំបូរព្រៃគុកថែមទៀត ដើម្បីជួយផ្សព្វផ្សាយ ក៏ដូចជាជួយអភិរក្សប្រាសាទសំបូរព្រៃគុកនេះឲ្យកាន់តែមានភាពប្រសើរឡើង។ ព្រមជាមួយនឹងការស្នើសុំឲ្យភាគីជប៉ុនជួយជំរុញ ការផ្សព្វផ្សាយបណ្តាញបេតិកភណ្ឌ ភ្ជាប់តំបន់អង្គរទៅបឹងមាលា ប្រាសាទកោះកេរ ព្រះវិហារផងដែរ»។

លោក ថោង ខុន បានសាទរចំពោះភាគីជប៉ុន ជាពិសេសទីក្រុងតូក្យូ ដែលនឹងរៀបចំកីឡាអូឡាំពិកនៅឆ្នាំ២០២០ ហើយកម្ពុជានឹងបញ្ជូនអត្តពលិកទៅចូលរួម។ ភាគីជប៉ុនបានជួយបណ្តុះបណ្តាលកីឡាជំនាញមួយចំនួនរបស់កម្ពុជា ជាពិសេសកីឡាហែលទឹក ក្នុងការដែលឲ្យអត្តពលិកកម្ពុជា បានចូលរួមហ្វឹកហាត់បង្កើនសមត្ថភាពជាមួយនឹងការចូលរួមព្រឹត្តិការណ៍នានា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation