ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការសង្គ្រោះនៅបន្តធ្វើឡើងបន្ទាប់ពីព្យុះកំណាចមួយបង្កឲ្យមានទឹកជំនន់នៅតំបន់ជាច្រើនក្នុងប្រទេសជប៉ុន

image

នៅថ្ងៃចន្ទនេះកងទ័ពនិងក្រុមជួយសង្គ្រោះរាប់ម៉ឺននាក់កំពុងបន្តជួយសង្គ្រោះពលរដ្ឋដែលជាប់គាំងដោយសារទឹកជំនន់ដែលបណ្តាលមកពីព្យុះទីហ្វុងដ៏អាក្រក់បំផុតមួយដែលបានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃចុងសប្តាហ៍។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថាមនុស្ស៣៥នាក់បានស្លាប់, ១៧នាក់បាត់ខ្លួននិងជាង១៨០នាក់រងរបួសដោយសារព្យុះទីហ្វុងហាជីប៊ីស (Hagibis) ដែលបង្កឲ្យមានទឹកជំនន់នៅតំបន់ជាច្រើនក្នុងភាគកណ្តាលនិងភាគខាងកើតប្រទេសជប៉ុន។

ព្យុះដែលបានវាយប្រហារទីក្រុងតូក្យូនិងតំបន់នៅជុំវិញប្រទេសជប៉ុននេះក៏បានបណ្តាលឲ្យផ្ទះប្រហែល១០ម៉ឺនខ្នងមិនមានអគ្គិសនីប្រើប្រាស់ផងដែរ។

ជំនន់ទឹកទន្លេជីគូម៉ា (Chikuma) នៅក្នុងទីក្រុងណាហ្គាណូ (Nagano) ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនោះបានជន់លិចដីជាច្រើនកន្លែងនិងបង្ខំឲ្យយោធាប្រើឧទ្ធម្ភាគចក្រដើម្បីជម្លៀសពលរដ្ឋចេញពីផ្ទះរបស់ពួកគេ។

គួរបញ្ជាក់ថា ព្យុះទីហ្វុងហាជីប៊ីស (Hagibis) បានបោកបក់ទៅដល់កោះហុនស៊ូ (Honshu) ដែលជាកោះដ៏សំខាន់មួយនៅក្នុងប្រទេសជប៉ុនកាលពីល្ងាចថ្ងៃសៅរ៍និងឆ្ពោះទៅសមុទ្រនៅព្រឹកថ្ងៃអាទិត្យ៕

ព័ត៌មានទាក់ទង...