វិស័យឯកជនប្រគល់មួកសុវត្ថិភាពចំនួន៥០០រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និង អត្រាគ្រោះថ្នាក់តាមដងផ្លូវ
| ព័ត៌មានជាតិ
SHARE

មួកសុវត្ថិភាពចំនួន៥០០ ត្រូវបានប្រគល់ជូនដល់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាការចូលរួមចំណែក របស់វិស័យឯកជនក្នុងបុព្វហេតុកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងអត្រាគ្រោះថ្នាក់នៅតាម ដងផ្លូវ។

ពិធីប្រគល់ធ្វើឡើងនៅរសៀលថ្ងៃទី១៤ តុលា ឆ្នាំ២០១៩នេះនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងលោក សុខ គឹមនីតា ប្រធានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិមានប្រសាសន៍អោយដឹងក្នុងពិធី ប្រគល់ថានេះជាកាយវិការមួយដ៏ឧត្តុងឧត្តមក្នុងការចូលរួមចំណែកដ៏មានសារៈសំខាន់របស់វិស័យឯកជន ក្នុងបុព្វហេតុសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្របតាមទិសដៅយុទ្ធសាស្ត្រ ភាពជាដៃគូរជាមួយវិស័យឯកជន របស់គណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាននិងស្របតាមយុទ្ធសាស្ត្រអនុគណៈកម្មការទី២ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិជាប្រធានផងដែរ។

លោក សុខ គឹមនីតា ប្រធានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានប្រសាសន៍ថាថ្វីត្បិតតែក្រុមហ៊ុនមានគោលការណ៍ដើម្បីរកប្រាក់ចំណេញតែកន្លងមកតែងតែមានទិសដៅច្បាស់លាស់រំលែកថវិកាបន្តិចបន្តួចដើម្បីជួយដល់ផ្នែកចរាចរណ៍ លោកបន្ថែមថា ក្រុមហ៊ុនបានរៀបចំធ្វើផ្ទាំងប៉ាណូផ្សេងៗពាក់ព័ន្ធនិងការផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងតំបន់មួយចំនួនដើម្បីជាការពញ្ញាក់អារម្មណ៍ដល់អ្នកបញ្ជាយានយន្តអំពីកត្តានាំអោយមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ជាមួយគ្នានោះអគ្គស្នងការនគរបាលជាតិក៏បានចេញលិខិត ដើម្បីថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនក្នុងនាមវិស័យឯកជនដែលបានចំណាយថវិកាក្នុងការចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងអត្រាគ្រោះថ្នាក់នៅតាម ដងផ្លូវ។

តាមរបាយការណ៍នៃលទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងខែ កញ្ញាឆ្នាំ២០១៩នេះបានត្រួតពិនិត្យយាន្តយន្តសរុបចំនួន ៤៧ម៉ឺន៥ពាន់១០៥គ្រឿងក្នុងនោះម៉ូតូចំនួន៦៤% និងបានរកឃើញយាន្តយន្តល្មើសនិងពិន័យចំនួន១៤ម៉ឺន១ពាន់៥២៧គ្រឿងស្មើ៣០% អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លួវគោកដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន២ប៊ីលាន៥៩៦លាន៥សែន៤ម៉ឺនរៀលគត់។ របាយការណ៍ពីសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩បានកើតឡើងចំនួន ៩៨៨លើកបណ្តាលអោយស្លាប់ចំនួន៤៨៨នាក់និងរបួសចំនួន១៤៩៤នាក់ ភាគច្រើននៅរាជធានីភ្នំពេញស្លាប់ចំនួន៨៣នាក់ ខេត្តកណ្តាលស្លាប់ចំនួន៤៥នាក់ ខេត្តកំពង់ស្ពឺចំនួន៤១នាក់និងខេត្តព្រះសីហនុស្លាប់ចំនួន៣៧នាក់។ មូលហេតុការបើកបរលើសល្បឿនកំណត់ ៣៣% មិនគោរពសិទ្ធិ២៧% មិនប្រកាន់ស្តាំ១៣% វ៉ាជែង១០% បត់៩%ស្រវឹង៤%កត្តាយានយន្ត៣%ងងុយដេក១%៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation