ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែកបង្ហាញជំនឿថា សម្តេចតេជោនឹងដឹកនាំកម្ពុជាសម្រេចបានគោលដៅឆ្នាំ២០៣០ និង ឆ្នាំ២០៥០

image

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប្រាក សាធារណរដ្ឋឆែកហើយ នៅព្រឹកថ្ងៃទី១៤ តុលានេះ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែល ធ្វើឡើងនៅវិមានបុរាណ Kramarova ក្នុងទីក្រុងប្រាក វត្តមាននៃការអញ្ជើញ ដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងរ៉ាក់ទាក់បំផុត ពីសំណាក់សមភាគី នាយករដ្ឋមន្រ្តីឆែក ឯកឧត្តម Andrej Babis និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលឆែកជាច្រើនរូបទៀត។ 

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ ពីសមភាគីនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញធ្វើដំណើរកាត់កម្រាលព្រំក្រហម ប្រារព្វពិធី ផ្លូវការនៅចំពោះមុខកងកិត្តិយស និងកងត្រែទ័ពនៃសាធារណរដ្ឋឆែក។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋឆែក។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអមដំណើរដោយផ្ទាល់ពី សមភាគី នាយករដ្ឋមន្រ្តីឆែក ឯកឧត្តម Andrej Babis អញ្ជើញធ្វើគារវកិច្ច ស្វាគមន៍ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ រដ្ឋាភិបាលឆែក និងឥស្សរជនជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ 

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋ មន្រ្តីឆែក អញ្ជើញធ្វើជំនួបពិភាក្សា ចង្អៀត និងធ្វើជំនួបកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារ ការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាលនិងរ៉ាក់ទាក់បំផុត។ ក្នុងជំនួបកំពូលទ្វេភាគីគ្នានោះ ប្រមុខ ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំង ពីទំនាក់ទំនង ទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរណាស់មកហើយ ដែលបានផ្តួចផ្តើមដោយមេដឹកនាំ នៃប្រទេសទាំងពីរ។ 

ក្នុងជំនួបកំពូលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការយ៉ាងកក់ក្តៅ របស់ប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ ដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធា រណរដ្ឋឆែក ដែលបានផ្តល់ ដល់កម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩។ 

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិនិត្យ ឡើងវិញដោយក្តីពេញចិត្ត ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាពដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជា ផលប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្ត ពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហ ប្រតិបត្តិការ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងកសិកម្ម។ ក្នុងជំនួបកំពូលគ្នានោះ មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់កិច្ចសហប្រតិបត្តិ ការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្ត ទុកដាក់ទៅវិញទៅមក។ជាងនេះទៅទៀត មេដឹកនាំទាំងពីរបានទទួល ស្គាល់ពីសារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិ ការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជន៍ដល់ការ អភិវឌ្ឍពិភពលោក។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាជំរុញទំនាក់ទំនងនៅគ្រប់ កម្រិត រួមទាំងផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចពិគ្រោះយោបល់ នយោបាយរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ សំដៅស្វែងរក កិច្ចសហប្រតិបត្តិការ ដែលផ្តល់ ផលប្រយោជន៍ទៅវិញ ទៅមក។ ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ចំពោះការបង្វែរ បំណុលទៅជាជំនួយអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា ពិសេស ការបន្តគាំទ្រពីសំណាក់ រដ្ឋាភិបាលនិងប្រជាជនឆែក ក្នុងការបន្ត គាំទ្រផ្តល់ជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ ក្រោមកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍។ 

ក្នុងជំនួបកំពូលនោះដែរ ភាគីទាំងពីរបានឯកភាពគ្នា រៀបចំផែនការរួមដើម្បី អបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូត រវាងប្រទេស ទាំងពីរ នៅឆ្នាំ២០២១។ ឯកឧត្តមនាយករដ្ឋមន្រ្តីឆែក Andrej Babis បានសំដែងនូវការកោតសរសើរយ៉ាង ខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះសន្តិភាពនិងស្ថិរភាព ក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រ កបដោយចីរភាព។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានបង្ហាញការ ជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងសម្រេចគោលដៅទៅ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រ ទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ទាប់មកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីរ ក្នុងនោះទី ១ អនុស្សារណះនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារ អនុវត្តគម្រោង សុខាភិបាលឆែក VAMED និងទី២អនុ ស្សារណះនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។ ការចុះហត្ថ លេខានៃអនុស្សារណះទាំងពីរនេះ គឺជាការបង្អុលបង្ហាញពីបំណង ប្រាថ្នារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការ ពង្រីកចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃ ប្រជាជនទាំងពីរ។ 

សូមបញ្ជាក់ដែរថា នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគោរពអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីឆែក Andrej Babis មកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលដ៏សមស្រប។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានទទួលយកនូវការអញ្ជើញ ដោយសេចក្តីរីករាយ និង បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញនេះ។

សូមបញ្ជាក់ថា សាធារណរដ្ឋឆែក មានផ្ទៃក្រឡាទំហំ ៧ម៉ឺន៨ពាន់៨៦៧គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់និងប្រទេសអូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ និងស្លូវ៉ាគី និងមានប្រជាជនរស់នៅសរុប ១០លាន៦សែន៨ម៉ឺន៦ពាន់២៦៩នាក់ គិតក្នុងខែកក្កដាឆ្នាំ២០១៨។ ប្រជាជនឆែកកាន់សាសនារ៉ូម៉ាំងកាតូលីក។ ស្ថានភាពសេដ្ឋកិច្ច សាធា រណរដ្ឋឆែក ក្នុងឆ្នាំ២០១៧កន្លងទៅ ផលិតផលសរុប ក្នុងស្រុក GDP ៣៧៥,៩ពាន់លានដុល្លាអាមេ រិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ ៣ម៉ឺន៥ពាន់៥០០ដុល្លាអាមេរិក ក្នុងមួយឆ្នាំ។ អត្រាកំណើន GDP ៤,៣% ផលិតផលសំខាន់ៗគិតជាភាគរយ(GDP) ក្នុងនោះផ្នែកសេវា ៥៩,២% ឧស្សាហកម្ម ៣៨% និងកសិកម្ម២,៨%។ សាធារណរដ្ឋឆែកជាប្រទេសមានការនាំចេញ នូវផលិតសំខាន់ៗមួយ ចំនួនដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន: និងសារធាតុគីមី។ល។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ ទំនងការទូត ជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជាបានភ្ជាប់ទំនងទំនងជាមួយនឹង សាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋឆែក ត្រូវបានបង្កើតឡើងវិញបន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគី បែងចែកជាពីរប្រទេស។ កាលពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០០៦ ព្រះករុណា សម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សាធារណរដ្ឋឆែក ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែករបាំ ពីសាធារណរដ្ឋឆែក៕ដោយ ៖ ហ៊ន សុភ័ក្រ

ព័ត៌មានទាក់ទង...