រដ្ឋបាលខេត្តព្រះសីហនុនឹងជួបប្រជុំជាមួយអង្គការសង្គមស៊ីវិល ៦ខែម្ដង ដើម្បីធ្វើការផ្លាស់ប្ដូរ ក្នុងន័យស្ថាបនា អភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាវិជ្ជមាន
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ ៖ នៅរសៀលថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការសង្គម ស៊ីវិលចំនួន១៣ ដែលបោះទីតាំងនៅខេត្តព្រះសីហនុ ។
លោក សុខសុខុម ប្រធានអង្គការ CNRO បានមានប្រសាសន៍លើកឡើងពីបញ្ហាមួយចំនួនមានដូចជា សុំឱ្យអាជ្ញាធរទប់ស្កាត់ ភាពអនាធិបតេយ្យ ការទន្ទ្រានបោះបង្គោលទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ និងដីឯកជន (ដែលមានកម្មសិទ្ធិស្របច្បាប់) ការកាប់បំផ្លាញឈូសឆាយព្រៃឧទ្យានជាតិរាម និងការចាក់ដីលុបសមុទ្រ (អ៊ូរទូក) ស្ថិតនៅស្រុកស្ទឹងហាវ ។

ជាមួយគ្នានេះ ប្រធានអង្គការ អាឌហុក បានលើកឡើងពីការព្រួយបារម្ភនៅពេលដែលអង្គការបើកប្រជុំ ឬបណ្ដុះបណ្ដាល មានសមត្ថកិច្ចចូលថតរួប និងក្តីបារម្ភពីការបាត់បង់ឆ្នេរកម្សាន្ត ។
ក្នុងនោះដែរ តំណាងអង្គការ ម្លប់តាប៉ាង លើកឡើងអំពីបញ្ហាកុមារមិនបានចូលរៀន ដែលពួកគេបានធ្វើចំណាកស្រុកមកជាមួយឪ ពុកម្តាយធ្វើសំណង់ ដោយតំណាងអង្គការរូបនោះស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ ជួយសម្រួលឱ្យពួកកុមារទាំងនោះបានចូលរៀន ត្រឹមត្រូវ។

ជាការឆ្លើយតប ឯកឧត្តម យន្ត មីន មានប្រសាសន៍ វាយតម្លៃកិច្ចប្រជុំផ្លាស់ប្ដូរយោបល់ ក្នុងន័យស្ថាបនា តាមពាក្យស្លោក «ខេត្តព្រះសីហនុជារបស់យើងទាំងអស់គ្នា»។ ហើយឯកឧត្តមបានដោយទទួលយកសំណើទាំងនោះមកធ្វើការ ដោះស្រាយនៅលើតុរួមគ្នា ក្នុងការអភិវឌ្ឍខេត្ត ពិសេសការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដូច្នេះយើងត្រូវរួមគ្នាបញ្ចេញមតិ យោបល់ក្នុងន័យស្ថាបនា ដោះស្រាយបញ្ហាប្រឈម ការពារសម្បត្តិធនធានធម្មជាតិកុំឱ្យបាត់បង់ ពិសេសព្រៃកោងកាង ។ លប់បំបាត់បញ្ហាចាក់ដីចូលសមុទ្រ ធ្វើអ៊ូរទូក នៅស្រុកស្ទឹងហាវ រដ្ឋបាលខេត្តបានស្នើទៅក្រសួងដែនដី ដើម្បីឱ្យគណៈកម្មការអភិវឌ្ឍតំបន់ឆ្នេរ សិក្សាវាយតម្លៃផលប៉ះពាល់ ។

ឯកឧត្តម យន្ត មីន បន្តថា ចំពោះសំណង់អគារដែលសង់មានទំហំ ៣.០០០ម៉ែត្រការរ៉េឡើង ជាភារកិច្ចរបស់ថ្នាក់ជាតិ ដោយឡែកសំណង់អគារមានទំហំក្រោម ៣.០០០ការ៉េ ជាការទទួលខុសត្រូវរបស់ថ្នាក់ខេត្ត និងអគារមានទំហំក្រោម ៥០០ការ៉េ ជាភារៈទទួលខុសត្រូវរបស់រដ្ឋបាលក្រុង ស្រុក ។

បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ ក៏រដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយដល់ម្ចាស់សំណង់ត្រូវតែមានអាងប្រព្រឹត្តកម្ម ពិសេសសំណង់ដែលមិនមានអាងប្រព្រឹត្តកម្ម រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យសាងសង់បន្តនោះឡើយ ដើម្បីរក្សាសោភ័ណភាព បរិស្ថានតំបន់ឆ្នេរ ជៀសវាងផលប៉ះពាល់បរិស្ថាន ដូច្នេះយើងទាំង អស់គ្នាត្រូវចូលរួមគោរពច្បាប់ ហើយរដ្ឋបាលខេត្តត្រូវប្រកាន់ខ្ជាប់ច្បាប់ជាគោល ដោយមិនអនុញ្ញាតឲ្យមានភាព អនាធិបតេយ្យកើតឡើងបានទៀតទេ វានាំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គមដូច្នេះយើងសហការគ្នា ដើម្បីឲ្យខេត្តមានការរីកចម្រើនជៀសវាងការបែងចែកបក្សពួក ។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងធ្វើការជួបជុំជាមួយអង្គការសង្គមស៊ីវិល ៦ខែម្ដង ដើម្បីធ្វើការផ្លាស់ប្ដូរ ក្នុងន័យស្ថាបនា អភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាវិជ្ជមាននាពេលខាងមុខ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation