ពលរដ្ឋភូមិទួលតាកោ រក្សាប្រពៃណីខ្មែរក្នុងការធ្វើ ត្បាល់ អង្រែ ក្បាលបុកគ្រឿងជាដើម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះដូចជាត្បាល់ អង្រែ ក្បាលបុកគ្រឿង ថ្មដុះ ថ្មសំលៀង រួមទាំងក្បាលកិនម្សៅ សណ្តែក អង្ករជាដើមដែលបម្រើឲ្យការរកស៊ីផ្សេងៗគឺប្រជាពលរដ្ឋខ្មែរយើងតែងតែមានរបស់ទាំងនេះសម្រាប់ប្រើប្រាស់ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមិនសូវបានដឹងពីប្រភព និងការធ្វើវត្ថុទាំងនោះទេ។ ជាក់ស្តែងប្រជាពលរដ្ឋយ៉ាងច្រើនស្ថិតនៅក្នុងភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមនៅតែបន្ត និងរក្សាប្រពៃណីខ្មែរជាយូរលង់តៗគ្នាក្នុងការធ្វើត្បាល់ អង្រែ ក្បាលបុកគ្រឿង ថ្មដុះ ថ្មសំលៀង រួមទាំងក្បាលកិនម្សៅ សណ្តែក អង្ករជាដើម ដើម្បីរកប្រាក់បន្ថែមទៀតក្រៅពីការប្រកបមុខរបរធ្វើស្រែចំការ។

បើតាមប្រជាពលរដ្ឋដែលមានមុខរបរធ្វើវត្ថុទាំងនេះបានឲ្យដឹងថាមុននឹងក្លាយជាវត្ថុណាមួយគឺឆ្លងកាត់ជាច្រើនតំណាក់កាលដោយបែងចែកជាក្រុមស៊ីឆ្លួលជំនាញផ្សេងៗគ្នាដោយអ្នកខ្លះជំនាញវាយបំបែកផ្ទាំងថ្មធំៗ ហើយបន្តយកមកធ្វើការដាប់ដោយដែក ឲ្យចេញជារូបរាងណាមួយ និងចុងក្រោយគឺមានក្រុមជំនាញយកវត្ថុទាំងនោះទៅឆាប ខាត់ឲ្យចេញជារូបរាងពិតប្រាកដ ១០០ភាគរយ។

បើតាមប្រជាពលរដ្ឋក្នុងភូមិទួលតាកោនេះបានឲ្យដឹងទៀតថាមុខរបរការធ្វើវត្ថុទាំងនេះមានការលំបាក ដោយចាស់ជំនាន់មុនៗ បានប្រើប្រាស់តែឧបករណ៍ញញួរតែប៉ុណ្ណោះក្នុងការឆ្នៃធ្វើវត្ថុទាំងនេះ តែក្រោយមកក៏មានការវិវត្តន៍ដោយប្រើប្រាស់ឧបករណ៍ ម៉ូទ័រឆាប ដើរដោយអគ្គីសនី រួមទាំងដែកដាប់ប្រភេទផ្សេងៗ ធ្វើឲ្យការងារទាំងនេះមានសន្ទុះក្នុងការផលិតវត្ថុបានលឿន និងបានចំនួនច្រើនជាមុន។

វត្ថុជាត្បាល់ អង្រែ ក្បាលបុកគ្រឿង ថ្មដុះ ថ្មសំលៀង រួមទាំងក្បាលកិនម្សៅ សណ្តែក អង្ករជាដើមដែលបងប្អូនប្រជាពលរដ្ឋក្នុងភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមដែលផលិតបានគឺ ពួកគាត់បានយកទៅតាំងលក់នៅមុខផ្ទះ និងភាគច្រើនបំផុតគឺឈ្មួញក្នុងភូមិបានប្រមូលទិញ និងលក់បន្តទៅទៅកាន់ទីផ្សារ នានានៅក្នុងប្រទេសកម្ពុជាយើងដោយលក់តំលៃត្បាល់កិនមួយតំលៃ២៨០០០រៀល ត្បាល់បុក១០០០០ម៉ឺនរៀល និងថ្មដុះតំលៃ៣៥០០រៀលជាដើម។អត្ថបទ ៖ ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation