ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤-១៩ ខែតុលា

image

ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គម និយមវៀតណាម ពីថ្ងៃទី១៤ -១៩ខែ តុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញ របស់លោក ឡេ មិញខាយ (H.E Mr Le Minh Khai) អគ្គអធិការ (រដ្ឋមន្ត្រី) នៃអគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀត ណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺជាការអនុវត្តអនុស្សរណៈយោគយល់ គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអគ្គលេខាអធិការកិច្ចរដ្ឋាភិបាលវៀតណាបានចុះហត្ថលេខាតាំងពីឆ្នាំ២០០៥កន្លងមកនេះ ។

ម្យ៉ាងទៀតក៏ជាការបង្កើននូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធលើការងារអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការទប់ ស្កាត់អំពើ ពុករលួយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ក្នុងកំលុងពេលទស្សនកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត នឹងចូលជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីវៀត ណាម និងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ឡេ មិញខាយ អគ្គ អធិការ (រដ្ឋមន្ត្រី) នៃអគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាល វៀតណាម។ គណៈប្រតិភូក្រសួងនឹងធ្វើទស្សន កិច្ច នៅទីក្រុងហាណូយ ទីក្រុងដាណាំង (Da Nang) និងក្រុងហូជីមិញ (Ho Chi Minh)។

លោក ជំទាវកិត្តិសង្គហបណ្ឌិត នឹងអញ្ជើញគ្រូឧទ្ទេសនាមផ្នែកអធិការកិច្ចរបស់វៀតណាម មកធ្វើការបណ្តុះ បណ្តាលនៅ វិទ្យាស្ថានជាតិអធិការកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើននូវចំណេះដឹងនិងបទពិសោធផ្នែកអធិការកិច្ច៕ ដោយ៖វង សុភ័ក្ត្រ