សម្តេចតេជោ ស្នើឱ្យពិភពលោកប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹកនិងនិរន្តរភាពបរិស្ថាន 
| ព័ត៌មានជាតិ
SHARE

ប៊ុយដាប៉ែស ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ តុលានេះ បានដឹកនាំមន្រ្តីកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹក លើកទី៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីហុងគ្រី ដែលបានធ្វើនៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

ពិធីនេះប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអញ្ជើញចូលរួមមានដូចជា ប្រធានាធិបតីប្រទេសហុងគ្រី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ,ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ,ឯកឧត្តម អាណុល ស្វាហ្សេនហ្គ័រ អតីតអភិបាលរដ្ឋកាលីហ្វ័កញ៉ា សហរដ្ឋអាមេរិក,រដ្ឋមន្រ្តី ធនធានទឹក នៃសាធារណរដ្ឋឥណ្ឌា និង សារតាមវីដេអូរបស់ឯកឧត្តម អេនតូនី គូទេរែស អគ្គលេខាធិការអង្កការសហប្រជាជាតិ។

កិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹក លើកទី៣ រៀបចំឡើងក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» កិច្ចប្រជុំ 3rd BWS ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធនិងផ្លាស់ប្តូរទស្សនៈ ដើម្បីជំនះនូវបញ្ហា ប្រឈមនានា ទាំងនៅក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាន នូវការរីកលូតលាស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសទប់ស្កាត់វិបត្តិទឹកឱ្យបាន។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏លើកឡើងពីភាពចំាបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នា សម្រាប់សន្តិសុខទឹកនិងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជា និន្នាការនៃការឡើងកម្ដៅភពផែនដី កំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែន៕ដោយ៖ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation