ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងចូលរួមបើកការប្រកួតកីឡាយោធាពិភពលោក នៅប្រទេសចិន

image

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលរួមព្រឹត្តិការណ៍សំខាន់២ នៅសាធាណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ការអញ្ជើញទៅចូលរួមព្រឹត្តិការណ៍សំខាន់ចំនួន២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ហើយព្រឹត្តិការណ៍សំខាន់២ រួមមាន៖

ទី១៖ ចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោក លើកទី៧ ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង អ៊ូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ហើយព្រឹត្តិការណ៍ប្រកួតកីឡាយោធាពិភពលោក លើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ «ការចែករំលែកមិត្តភាព និងលើកកម្ពស់សន្តិភាព»។

និងទី២៖ បន្ទាប់ពីព្រឹត្តិការណ៍នេះ សម្តេចពិជ័យសេនា នឹងចូលរួមវេទិកា «សៀងសាន ប៉េកាំង លើកទី៩» (9th Beijing Xiangshan Forum) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងវេទិកា សៀងសាន លើកទី៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គទី៣ ក្រោមប្រធានបទ «ផលប្រយោជន៍ នៃប្រទេសតូច និងមធ្យម និងសន្តិសុខរួមគ្នា»។

ព័ត៌មានទាក់ទង...