មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃស្នើឲ្យប្រធានអគ្គានុរក្សពន្ធនាគារ (ម១)ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ពង្រឹងសន្តិសុខបានជាប់ជាប្រចាំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានស្នើឲ្យប្រធានអគ្គានុរក្សពន្ធនាគារ (ម១)ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះភារកិច្ចដឹកនាំរបស់ខ្លួន លើការគ្រប់គ្រង និងពង្រឹង សន្តិសុខបានជាប់ជាប្រចាំ ដោយត្រូវធានាថា មន្ត្រីពន្ធនាគារទាំងអស់ ពិតជាបានអនុវត្តតួនាទី ភារកិច្ចខ្លួនប្រកដោយវិជ្ជាជីវៈ មិនប្រព្រឹត្តអំពើពុករលួយ ស្របតាមក្រមសីលធម៌ បទវិន័យជាមន្ត្រីអនុរក្សពន្ធនាគារ ដើម្បីជួយពួកគេបានកែប្រែខ្លួនក្លាយជាពលរដ្ឋល្អ។

ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩របស់អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ដើម្បីពង្រឹងប្រសិទ្ធិភាពការងារឲ្យបានកាន់តែល្អបន្ថែមទៀតនោះ សូមអគ្គានុរក្សពន្ធនាគារ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ លើការគ្រប់គ្រង ក្នុងនិងក្រៅពន្ធនាគារឲ្យបានល្អជាប់ប្រចាំ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ត្រូវពង្រឹងការងារយាមកាមការពារពន្ធនាគារ ២៤ម៉ោង២៤ម៉ោង លើការងារសន្តិសុខ ចាត់វិធានការតឹងរ៉ឹងចំពោះចំណុចខ្វះចន្លោះ ការឆែកឆេររឹបអូល ការយក សម្ភារហាមឃាត់នាំចូលឲ្យទណ្ឌិត ការបង្កឱកាស ឬមធ្យោបាយឲ្យទណ្ឌិតដើម្បីរត់គេចខ្លួន។

ឯកឧត្តមប៉ាវ ហមផាន បានលើកឡើងទៀតថា ពន្ធនាគារយើងត្រូវតែទប់ស្កាត់ឲ្យបានរាល់បទល្មើស និងការជួញដូរគ្រឿងញៀនការបង្កើតក្រុមម៉ាហ្វីយ៉ា នៅក្នុងពន្ធនាគារជាដើម ត្រូវបន្តហ្វឹកហ្វឺន អប់រំចិត្ត កែប្រែទណ្ឌិត បានកែប្រែជាមនុស្សថ្មី និងមានវិជ្ជាជីវៈសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត នៅពេលពួកគេចេញទៅសហគមន៍វិញ ព្រោះពន្ធនាគារនិងមណ្ឌលកែប្រែទាំងអស់ មិនមែនជាកន្លែងធ្វើទុក្ខទោសដូចយើងស្មាននោះទេ ហើយមន្រ្តីពន្ធនាគារទាំងអស់មានការយកចិត្តទុកដាក់ខ្ពស់លើសេវាសាធារណៈចំពោះប្រជាពលរដ្ឋដែលមកមើលទណ្ឌិត និងជនជាប់ឃុំ៕


អត្ថបទឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation