ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍ ៤ចំណុចជុំវិញបណ្តឹងរបស់តំណាងរាស្ត្រ ប៊ូ ឡាំ លើលោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍PNN
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈជុំវិញបណ្តឹងបទបរិហារកេរ្តិ៍ជាសាធារណៈរបស់លោកតំណាងរាស្ត្រ ប៊ូ ឡាំ ចំពោះលោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ PNN ពាក់ព័ន្ធករណីដីធ្លីនៅខេត្តរតនគិរី។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរៀបរាប់លម្អិតពីការតាមដានរបស់ស្ថាប័នមួយនេះ ជុំវិញករណីប្តឹងប្តល់ពីសំណាក់លោកតំណាងរាស្ត្រ ប៊ូ ឡាំ ទៅលើលោក ឡន វណ្ណា ដែលជាអ្នកសារព័ត៌មានមួយរូប ដែលកំពុងបម្រើការងារជា អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ PNN ចាប់តាំងពីស.ស.ស.ក បានទទួលពាក្យបណ្តឹពីទូរទស្សន៍ PNN ចូលមកកាន់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

បន្តមក សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានស្រាវជ្រាវ ពិនិត្យ មើលឡើងវិញខ្លឹមសារការផ្សាយរបស់ទូរទស្សន៍ PNN អំពីករណីវិវាទដីធ្លីនៅខេត្តរតនគិរី ដោយមានរូបភាពទីតាំងដីជាក់ស្តែង និងមានការសម្ភាសន៍ប្រភពផ្តល់ព័ត៌មាន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានស្តាប់ប្រសាសន៍របស់ ឯកឧត្តម ប៊ូ ឡាំ ដែលនិយាយផ្សព្វផ្សាយតាមបណ្តាញសង្គមដោយទាមទារសំណងពីទូរទស្សន៍ PNN ឲ្យធ្វើការកែតម្រូវផ្សាយជាប់ៗគ្នា៧ថ្ងៃ និង តម្រូវឲ្យត្រូវតែយកទៅផ្សាយនៅគ្រប់បណ្តាញទូរទស្សន៍ទាំងអស់នៅ កម្ពុជា ឬប្រសិនបើទូរទស្សន៍ PNN មិនធ្វើតាមការទាមទារនេះ ឯកឧត្តម ប៊ូ ឡាំ ទាមទារសំណងតាមបែបប្រពៃណី គឺឲ្យសង «ក្របី១៦ជើង» មានតម្លៃជាប្រាក់ស្មើ១៦ម៉ឺនដុល្លារ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានទទួលដំណឹងថា លោកតំណាងរាស្ត្រ ប៊ូ ឡាំ ធ្លាប់បានប្តឹងបុគ្គលិកទូរទស្សន៍ PNN ទៅកាន់តុលាការខេត្តរតនគិរី ក៏ប៉ុន្តែ ត្រូវតុលាការសាលាដំបូងខេត្តរតនគិរីបដិសេធទុកមិនចាត់ការ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលបានរបាយការណ៍ថា បន្ទាប់ពីការផ្សាយរបស់ទូរទស្សន៍ PNN គឺដីមានទំនាស់ប្រមាណ១០០ហិចតានោះ ត្រូវបានអជ្ញាធរដឹងឮ និងមានវិធានការដោះស្រាយចប់សព្វគ្រប់ ប្រគល់បែងចែកជូនប្រជាជនរួចរាល់ហើយ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឃើញលិខិតរបស់ លោក ស៊ីន រក្សា ព្រះរាជអជ្ញារងអមតុលាការសាលាដំបូងខេត្តស្ទឹងត្រែង កោះហៅ លោក ឡន វណ្ណា បុគ្គលិកទូរទស្សន៍ PNN ឲ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លើរឿងក្តីបរិហារកេរ្ត៍សាធារណៈលេខ២១៣។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានតាមដានការចូលបំភ្លឺរបស់ លោក ឡន វណ្ណា បុគ្គលិកទូរទស្សន៍ PNN នៅចំពោះមុខក្រឡាបញ្ជីតុលាការសាលាដំបូងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

យោងតាមអង្គហេតុ និងដំណើររឿងខាងលើ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា៖

ទី១. ទូរទស្សន៍ PNN បានផ្សាយអំពីករណីជម្លោះដីធ្លីនៅខេត្តរតនគិ´រី បានត្រឹមត្រូវតាមទម្រង់របបសារព័ត៌មាន ដោយទូរទស្សន៍បានចុះដល់ទីតាំងកើតហេតុ មានយោងប្រភព ឯកសារ និង ធ្វើបទសម្ភាសន៍។ ចំពោះការដកស្រង់សម្តី លោកអភិបាលស្រុក រៀបរាប់ដំណើររឿងនៃវិវាទដីធ្លី ហើយបានលើកភ្ជាប់ថា មានពាក់ព័ន្ធជាមួយតំណាងរាស្ត្រ ប៊ូ ឡាំ ក៏ទូរទស្សន៍ PNN បានផ្សាយកែតម្រូវតាមលោកតំណាងរាស្ត្រ ប៊ូ ឡាំ ដែលបានចេញមុខមកបដិសេធថា៖ មិនជាប់ពាក់ព័ន្ធបញ្ហាវិវាទដីធ្លីនោះរួចហើយដែរ។

ទី២.យោងតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ បើអង្គភាពកាសែត ឬទូរទស្សន៍ផ្សាយខុសដោយភ័ន្តច្រឡំ ដោយអចេតនា ឬខ្វះចន្លោះ គឺត្រូវផ្សាយកែតម្រូវ បំភ្លឺ នៅកាសែត ឬទូរទស្សន៍របស់ខ្លួនឡើងវិញ។ គ្មានភាពតម្រូវ និងក៏គ្មានភាពសមហេតុសមផលណាមួយ ដែលតម្រូវឲ្យអង្គភាពនោះ ផ្សាយកែតម្រូវ៧ថ្ងៃ នៅគ្រប់ទូរទស្សន៍នៅកម្ពុជានោះទេ។ ចំពោះគោលការណ៍ទាមទារសំណង១៦ម៉ឺនដុល្លារគឺជាការទាមទាររបស់ភាគីដើមបណ្តឹង ក៏ប៉ុន្តែ ការសម្រេច គឺអាស្រ័យលើចៅក្រម ហើយតាមច្បាប់ការផ្តល់សំណងជំងឺចិត្តក៏មិនធំពេកហួសប្រមាណដូច្នេះឡើយ។

ទី៣.ចំណាត់ការតុលាការសាលាដំបូងខេត្តស្ទឹងត្រែង លើករណីទូរទស្សន៍ PNN ជាមួយនឹងភាគី លោក ប៊ូ ឡាំ ជានីតិវិធីត្រឹមត្រូវតាមទម្រង់ច្បាប់។ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមសំណូមពរឲ្យតុលាការពិចារណាក្នុងករណីនេះ ប្រើប្រាស់ច្បាប់ស្តីពី «របបសាព័ត៌មាន»។

ទី៤.សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ពិតជានៅមានខ្វះការយល់ដឹងអំពីច្បាប់ ស្តីពីរបបសារព័ត៌មាន ហើយគោរពស្នើសុំឲ្យតុលាការពិចារណាយកច្បាប់នេះជាគោលនៅក្នុង ដំណើរការនីតិវិធីលើករណីនេះ រួមទាំងពន្យល់ភាគីវិភាទឲ្យបានយល់ពីមូលដ្ឋានច្បាប់នេះ ដើម្បីអាចឈានដល់ការសម្រុះសម្រួល ផ្សះផ្សា សះជា ទម្លាក់ចោលការចោទប្រកាន់ និងរំលត់ក្តី។ នៅត្រង់ជំពូកទី៥ មាត្រ២០ នៃ ច្បាប់ស្តីពីរបបសារព័ត៌មាន បានចែងថា៖ «ទោះជាយ៉ាងណាក៏ដោយ ក៏គ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់ពន្ធនាគារដោយសារការបញ្ចេញមតិឡើយ»៕

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្តែងក្តីសង្ឃឹមថា៖ គូភាគីនឹងបង្ហាញមនោសញ្ចេតនាអធ្យាស្រ័យ ស្រុះស្រួល និងសះជាគ្នា ហើយតុលាការនឹងតម្កល់រឿងក្តីនេះទុកមិនចាត់ការ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation