សម្តេចតេជោហ៊ុន សែន អញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី
| ព័ត៌មានជាតិ
SHARE

ប៊ុលហ្គារី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១៧តុលា ត្រូវនឹងរសៀលថ្ងៃទី១៧ខែតុលា ម៉ោងនៅកម្ពុជា ជាថ្ងៃទី៣ នៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី បានអញ្ជើញទស្សនាតំបន់ភ្នំ ធម្ម ជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី។


វត្តមាននៃការអញ្ជើញដល់របស់សម្តេច តេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលនូវការស្វាគមន៍យ៉ាងរាក់ទាក់ និងស្និទ្ធស្នាលបំផុត ពីសំណាក់ ថ្នាក់ដឹកនាំ នៃតំបន់ភ្នំធម្មជាតិ Kopitoto។

សូមជម្រាបថា សូហ្វីយ៉ា គឺជាទីក្រុងរបស់សាធារណរដ្ឋប៊ុលហ្គារី មានប្រជាជនរស់នៅជាង១លាន ២សែន ៧ម៉ឺននាក់ ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ និងក៏ជាទីក្រុងចំណាស់ជាងគេទី២ នៅតំបន់អឺរ៉ុប។ ទីក្រុងនេះស្ថិតនៅលើជើងភ្នំវីតូសា (Vitosha) នៅភាគខាងលិច នៃប្រទេសប៊ុលហ្ការី។ ដោយស្ថិតនៅចំណុចកណ្តាល នៃតំបន់បាល់កង់ សូហ្វីយ៉ាក៏ស្ថិតនៅចន្លោះសមុទ្រខ្មៅ និងសមុទ្រ Adriatic និងស្ថិតនៅជិតសមុទ្រ Aegean ជាងគេ។ ទីក្រុងសូហ្វីយ៉ា គឺ ជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាលនិងវប្បធម៌ របស់ប្រទេសប៊ុលហ្គារី។ ទីក្រុងនេះ ត្រូវបានហ៊ុមព័ន្ធ ទៅដោយភ្នំ មានទឹកធ្លាក់ កម្តៅក្តៅចំនួន៤៩កន្លែង និងមានទំនប់ទឹក និងបឹងសិប្បនិម្មិតពាសពេញ ទីក្រុង។ ភ្នំវីតូសា ជានិម្មិតរូបនិងជាភ្នំខ្ពស់ជាងគេ នៅទីក្រុងសូហ្វីយ៉ា។ ភ្នំនេះត្រូវបានគេចាត់ចូលជា ឧទ្យានជាតិកាលពីឆ្នាំ១៩៣៤ ហើយវាត្រូវបានគេថែរក្សា ចាប់តាំងពីពេលនោះមក។

សូហ្វីយ៉ាជាទីក្រុង ដែលមានការបំពុលខ្យល់ច្រើនជាងគេ នៅក្នុងសហភាពអឺរ៉ុប។ មូលហេតុចម្បងគឺដោយសារទីតាំងរបស់ទីក្រុងនេះ ស្ថិតនៅតាមជ្រលងភ្នំ ហើយភ្នំដែលនៅជុំវិញទីក្រុងអសមត្ថភាពក្នុងការសម្អាតខ្យល់កខ្វក់។ សក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម សូហ្វីយ៉ា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់ប្រទេសប៊ុលហ្គារីនិងបានទាក់ទាញអ្នកជំនួញអន្តរជាតិ ក្នុងវិស័យមួយចំនួនដូចជា សេវាហិរញ្ញ វត្ថុ អេឡិចត្រូនិក ព័ត៌មានវិទ្យា និងទូរគមនាគមន៍។


បើទោះបីទីក្រុងនេះមានចំនួនប្រជាជនសរុប ១៦% នៃប្រជាជនសរុបរបស់ប្រទេសប៊ុលហ្គារីក៏ដោយ សូហ្វីយ៉ាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍប្រទេស ដែលវាបានចូលរួមចំណែក ៣៤% នៃផលិតផលក្នុងស្រុកសរុប (GDP)។ សូហ្វីយ៉ា បានក្លាយជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ដោយ ៦៥% នៃភ្ញៀវទេសចរគឺមកពី បរទេស ភាគច្រើនមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ ក្រិក និងអង់គ្លេស។ ចំនួនកើនឡើងនៃភ្ញៀវទេសចរត្រូវបានគេរំពឹងថា នឹងនាំមកនូវចំណុចវិជ្ជមានដល់វិស័យទេសចរណ៍ រួមមានទំនើបភាវូបនីយ កម្ម និងការអភិវឌ្ឍការផ្តល់សេវាកម្មនានា។

សូមបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី ត្រូវបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៦៧ ប៉ុន្តែត្រូវ បានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ដោយសារសង្រ្គាមនិងរបបប្រល័យពូសាសន៍។ នៅឆ្នាំ១៩៧៩ កម្ពុជា និងប៊ុលហ្គារី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទស្ថានទូតរបស់ខ្លួន នៅសូហ្វីយ៉ា ដោយកង្វះថវិកា។ បច្ចុប្បន្ន លោក ប៉ូល សេងគី ត្រូវបានតែងតាំងជាភារធារី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ដោយឡែកលោកជំទាវ Marinela Milcheva Petkova ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណ រដ្ឋប៊ុលហ្គារី ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ។ នៅលើកិច្ចសហប្រតិបត្តិការវិស័យអប់រំ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ សាធារណរដ្ឋប៊ុលហ្គារី បាន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៥៩នាក់ ដើម្បីទៅសិក្សានៅប្រទេសប៊ុលហ្គារី។ដំណើរ នៃការអញ្ជើញទៅទស្សនាភ្នំធម្មជាតិ Kopitoto គឺធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចថ្ងៃចុងក្រោយ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖ហ៊ន សុភក្រ័


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation