ថ្នាក់ដឹកនាំកម្ពុជាសម្តែងការរំលែកទុក្ខដល់ប្រទេសជប៉ុនដែលរងគ្រោះដោយព្យុះកំណាច Hagibis
| ព័ត៌មានអន្តរជាតិ
SHARE

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានចូលរួមរំលែកទុក្ខ និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះក្រុមគ្រួសារនិងរដ្ឋាភិបាលជប៉ុនដោយបានជួបនូវសោកនាដកម្ម ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ដោយសារតែគ្រោះធម្មជាតិកាលពីសប្តាហ៍មុននោះ។

នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃសម្តេចក្រឡាហោម នាយករដ្ឋមន្រ្តីស្តីទីបានលើកឡើងថា តាងនាមឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាសម្តេចសូម ចូលរួមសេចក្តីសោកស្តាយមរណទុក្ខយ៉ាងខ្លាំងចំពោះសោកនាដកម្ម ដែលបានកើតឡើង នៅប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ហើយនឹងមានការខូចខាត នូវទ្រព្យសម្បត្តិហេដ្ឋារចនាជាច្រើននោះ។

សម្តេចនាយករដ្ឋមន្រ្តីស្តីទីរំពឹងថាស្មារតីរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុនខិតខំបន្តរូបរួមគ្នាដើម្បីដោះស្រាយបញ្ហានេះប្រកបដោយជោគជ័យនាពេលឆាប់ៗនេះ។
ជាការឆ្លើយតបឯកឧត្តម MIKAMI Masahiro បានថ្លែងអំណរអគុណចំពោះសម្តេចនាយរដ្ឋមន្រ្តីស្តីទីដែលបានចូលរួមនូវ សោកនាដកម្មនេះ ហើយបានបញ្ជាក់ថា ករណីសោកនាដកម្ម នេះប្រជាជននិងរដ្ឋាភិបាលជប៉ុនបានមានបទពិសោធ ជាច្រើនរួចមកហើយ ចំពោះការដោះ ស្រាយនូវគ្រោះមហន្តរាយដោយធម្មជាតិនេះ ហើយរដ្ឋាភិបាលនិងប្រជាជនជប៉ុន ក៏កំពុងបន្ត ដោះស្រាយនូវបញ្ហាខាងលើនេះផងដែរ។

នៅក្នុងកិច្ចជំនួបរយៈពេលជិតមួយម៉ោងនោះសម្តេចក្រឡាហោម ស ខេង ក៏បានថ្លែង អំណរអគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជាតាំងពី ដើមរហូតដល់បច្ចុប្បន្ននេះ ហើយប្រទេសកម្ពុជាមានភាព រីកចម្រើនជាបន្តបន្ទាប់នេះក៏មានការ ចូលរួមជួយរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុនផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធម្សិលមិញនេះចំនួនអ្នកសា្លប់ដោយសារព្យុះ Hagibis បានកើនដល់ ៧៤នាក់ហើយ និងរាប់សិបនាក់នៅតែបន្តបាត់ខ្លួននៅឡើយ។ ចំណែកឯ ផ្ទះច្រើនជាង១០,០០០ខ្នងគ្មានអគ្គិសនី ប្រើប្រាស់ និងជាង១១០,០០០ខ្នង គ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

ព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) បានវាយប្រហារលើប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយនាំមកជាមួយ នូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ដែលបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទូទាំង ខេត្តចំនួន ៣៦ ក្នុងចំណោមខេត្តសរុប ៤៧ របស់ជប៉ុន។ Hagibis ជាព្យុះទីហ្វុង ដ៏កំណាចបំផុតមួយ ដែលព្យុះសាហាវបែបនេះមិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះឡើយ៕ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation