ព័ត៌មានអន្តរជាតិ

កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះទាបខ្លាំងដែលពុំធ្លាប់ជួបប្រទះជិត៣០ឆ្នាំមកនេះ

image

កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣បានធ្លាក់ថយចុះជាងការរំពឹងទុកនិងបានធ្លាក់ដល់អត្រាមួយទាបបំផុតដែលចិនមិនពុំធ្លាប់ជួបប្រទះក្នុងរយៈពេល២៦ឆ្នាំមកនេះក្នុងគ្រាដែលមានសម្ពាធពីសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ទិន្នន័យបានបង្ហាញនៅថ្ងៃសុក្រនេះថាសេដ្ឋកិច្ចរបស់ចិនមានកំណើនត្រឹមតែ៦%ក្នុងរយៈពេល៣ខែគិតត្រឹមខែកញ្ញាដោយធ្លាក់ចុះមកពី៦,២%កាលពីត្រីមាសមុន។

៦%គឺជាអត្រាកំណើនដ៏ទាបបំផុតដែលចិនពុំធ្លាប់ជួបប្រទះចាប់តាំងពីឆ្នាំ១៩៩៣ដែលចិនបានចាប់ផ្ដើមរាយការណ៍ពីទិន្នន័យកំណើនសេដ្ឋកិច្ចជារៀងរាល់មួយត្រីមាសម្ដងមក។

ក្រុមអ្នកជំនួញនិងវិនិយោគិនកំពុងប្រយ័ត្នប្រយែងចំពោះសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនដែលអាចនឹងបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចសកល។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីសប្តាហ៍មុនថាភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១ និងបានផ្អាកការដំឡើងពន្ធគយបើទោះបីជាក្រុមមន្ត្រីនៃប្រទេសទាំង២បាននិយាយថានៅមានកិច្ចការជាច្រើនទៀតដែលត្រូវសម្រេចឲ្យបានក៏ដោយ។

អ្នកនាំពាក្យឲ្យការិយាល័យស្ថិតិចិនបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះថាលទ្ធផលនៃកិច្ចព្រមព្រៀងជាដំណាក់កាលនោះគឺជាភាពវិជ្ជមានសម្រាប់ទីផ្សារចិន និងអាមេរិកនិងបានបន្ថែមថាលោករំពឹងថានឹងមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់ពិភពលោកនិង សេដ្ឋកិច្ចក្នុងស្រុកនៅពេលដែលប្រទេសនានាងាកចេញគោលនយោបាយគាំពារនិយម៕