ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញចូលរួម ពិធីស្បថចូលកាន់តំណែងថ្មី របស់ប្រធានាធិបតី និងអនុប្រធានាធិបតីឥណ្ឌូណេស៊ី

image

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលានេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីមាតុភូមិហើយ ដើម្បីអញ្ជើញទៅចូលរួម ជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និងឯកឧត្តម ម៉ារូហ្វ អាម៉ឺន (Marut Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា។


ពិធីនេះ ក៏នឹងមានប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត មានវត្តមាន
ផងដែរ។


តាមប្រសាសន៍ ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។


សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបដោយឡែកជាមួយឯកឧត្តម ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់
ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង
ពហុភាគី និងបញ្ហានានា ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ឯកឧត្តម ចូកូ វីដូដូ ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤។


ការអញ្ជើញចូលរួម របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតី ឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាព ក្នុងចំណោមប្រជាជាតិអាស៊ាន៕
អត្ថបទ : សន ពិសិដ្ឋ