សង្គម

ការផ្តល់ជូនសេវារថយន្តក្រុងដឹកអ្នកដំណើរដោយគិតថ្លៃបានជំរុញឱ្យពលរដ្ឋចង់មកលេងស្រុកកំណើត

image


កំពត៖ ពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរសាធារណៈ ដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញ មកកាន់ខេត្តកំពត ពលរដ្ឋមានភាពសប្បាយរីករាយ និងធ្វើឱ្យពួកគេកាន់តែចង់ទៅលេងស្រុកកំណើត ព្រោះលែងបារម្ភអំពីបញ្ហាធ្វើដំណើរ ហើយទោះមិនសូវមានលុយ ក៏អាចមកលេងផ្ទះបានដែរ។

ពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីរាជធានីភ្នំពេញ មកកាន់ខេត្តកំពត បានលើកឡើងថា កាលពីពេលមុននៅពេលដល់ពេលបុណ្យទានធំៗ ពួកគាត់តែងមានការព្រួយបារម្ភអំពីការធ្វើដំណើរទៅលេងស្រុកកំណើត ព្រោះខ្លាចខ្វះខាតលុយផង ខ្លាចគ្រោះថ្នាក់ចរាចរណ៍ផង ពេលខ្លះមិនមានចិត្តចង់ទៅលេងនៅស្រុកកំណើតនោះទេ។ តែសម្រាប់ដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលផ្តល់ជូននូវសេវារថយន្តក្រុងដឹកអ្នកដំណើរទាំងចេញដំណើរពីរាជធានីភ្នំពេញ ទៅគ្រប់បណ្តាខេត្ត ពីបណ្តាខេត្តទៅកាន់រាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃ ប្រកបដោយផាសុកភាព សុវត្ថិភាពនោះ បានធ្វើឱ្យពួកគាត់កាន់តែចង់មកលេងផ្ទះ ជួបមុខឱពុកម្តាយ តាយាយ នៅឯស្រុកកណើត។

លោក អ៊ាម ច័ន្ទគ្រិស្នា បុគ្គលិករដ្ឋករស្វយ័តដឹកជញ្ជូនតាមរថយន្តក្រុងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ពលរដ្ឋមកប្រើសេវារថយន្តក្រុងមានការកើនឡើង និងបានដឹងរបៀបរបបល្អជាងមុន។ សម្រាប់ខេត្តកំពត មានរថយន្តចំនួន ៧គ្រឿង ដែលធ្វើចេញពីរាជធានីភ្នំពេញ ហើយការចេញដំណើរគឺចេញពីស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាសរាជធានីភ្នំពេញមកចំណតរថយន្តខេត្តកំពត។

សូមបញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃ ទៅមក (រាជធានីភ្នំពេញ-ខេត្តកំពត) ចាប់ដំណើរការពីថ្ងៃទី១២ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទ៖ វង្ស សុធារម្យ