ករណីផ្ទុះអាវុធចូលទៅក្នុងលំនៅដ្ឋានពលរដ្ឋនៅសង្កាត់រតន: ខេត្តបាត់ដំបង សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ
បាត់ដំបង៖ ករណីផ្ទុះអាវុធចូលទៅក្នុងលំនៅដ្ឋានពលរដ្ឋនៅសង្កាត់រតន: ខេត្តបាត់ដំបង សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ ដោយពាក់ព័ន្ធករណី សមត្ថកិច្ចបានអះអាងថា ជាករណីប៉ុនប៉ងឃាតកម្ម (មិនបានសម្រេច) ប្រព្រឹត្តិនៅចំណុចភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដែលជាផ្ទះរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ ៤០ឆ្នាំ។
ក្នុងករណីនេះ នៅពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០ ២៤ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ៣នាក់ ឈ្មោះ សុខ ប៊ុនធឿន ហៅ បៀវ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកធ្វើសកម្មភាពផ្ទាល់), ឈ្មោះ ទួន ហាក់ហួត ហៅ តួ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ជាអ្នកសំគំនិត) និងឈ្មោះ ឡៅ ផេងអាន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកកាន់កាប់អាវុធដោយខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន)។ វត្ថុតាងដកហូតរួមមាន រថយន្ត ១គ្រឿង អាវុធខ្លីចំនួន ២ដើម។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២ ០២៤ វេលាម៉ោងប្រមាណ ២:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មានជនសង័្សយ មិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់អាវុធបាញ់ចំនួន ៦គ្រាប់ ចូលទៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈជនរងគ្រោះសម្រាកនៅខាងក្នុងផ្ទះ តែគ្រាប់កាំភ្លើងមិន បានបង្កឱ្យមានមនុស្សក្នុងលំនៅដ្ឋាននេះរងគ្រោះថ្នាក់នោះទេ គ្រាន់តែធ្លុះធ្លាយទ្វារផ្ទះពីខាងមុខតែប៉ុណ្ណោះ។
ផ្តើមពីបញ្ហានេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវជាបន្ទាន់ លើករណីនេះ រហូតដល់ការកំណត់មុខសញ្ញាបាន និងឈានដល់ ការឃាត់ និងនាំខ្លួនតាមដីកាតែម្តង។
តាមការសាកសួរពីសមត្ថកិច្ច ជនសង័្សយខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដោយ អាវុធខ្លីបាញ់ទៅលើលំនៅដ្ឋានរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមូលហេតុដែលឈានដល់ការ ធ្វើសកម្មភាពបែបនេះគឺដោយសារតែរឿងគំនុំ។
ពេលនេះជនសង័្សយ និងវត្ថុតាង សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕