សង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំរថយន្តក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ ចេញចំណតរថយន្តផ្សារសួង បន្តទៅស្រុកកំណើត តាមបណ្ដាស្រុក នៅក្នុងខេត្ត ដោយមិនគិតថ្លៃ

image


ខេត្តត្បូងឃ្មុំ៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានរៀបចំរថយន្តក្រុងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ដឹកជូនបងប្អូនប្រជាពលរដ្ឋចេញពីខេត្តត្បូងឃ្មុំ ទៅស្រុកកំណើតតាមបណ្ដាលស្រុកនាៗក្នុងខេត្ត ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី១២នេះ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរថារថយន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំឲ្យដឹកប្រជាពលរដ្ឋចេញពីផ្សារសួងទៅតាមបណ្ដាស្រុកនាៗចំនួន ៣ ខ្សែ ដោយមាន ខ្សែរថយន្តទី១៖ ទៅកាន់ទីតាំងសាលាស្រុកតំបែរ និងសាលាស្រុកក្រូចឆ្មារ , ខ្សែរថយន្តទី២៖ ទៅកាន់ទីតាំងសាលាស្រុកពញាក្រែក និងសាលាស្រុកមេមត់ , ខ្សែរថយន្តទី៣៖ ទីតាំងសាលាស្រុកត្បូងឃ្មុំ និងសាលាស្រុកអូររាំងឪ ។

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ។

នៅក្នុងចំណោមរថយន្ត៤៥៥គ្រឿង ខេត្តត្បូងឃ្មុំក៏មានរថយន្តចំនួន ៩ គ្រឿង ដែលសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញមកស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ហេីយលោកអភិបាលខេត្តត្បូងឃ្មុំក៏បានរៀបចំរថយន្តក្រុងរបស់រដ្ឋបាលខេត្តដើម្បីដឹកបងប្អូនប្រជាពលរដ្ឋទៅតាមបណ្ដាស្រុកនានានៅក្នុងខេត្តត្បូងឃ្មុំបន្តផងដែរ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ៕

ដោយ៖សារី ណែត