សង្គម

កម្លាំងប្រដាប់អាវុធខេត្តពោធិ៍សាត់ ជាង៤០០នាក់ ត្រៀមដាក់ពង្រាយគ្រប់គោលដៅ ដើម្បីពង្រឹងសុវត្ថិភាពសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

image


ពោធិ៍សាត់៖ ក្នុងការចុះត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធ នៅមុខសាលាខេត្តពោធិ៍សាត់រសៀលថ្ងៃទី១២ខែមេសា ឆ្នាំ២០២៤នេះ
លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបានឲ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ មកកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ "សង្ក្រាន្តពោធិ៍សាត់"នៅលើបុរីវប្បធម៌កោះសំពៅមាស រដ្ឋបាលខេត្ត បានប្រើប្រាស់កងកម្លាំងប្រដាប់សរុប៤៦១នាក់ក្នុងនោះ កងនគរបាលជាតិនៃស្នងការរដ្ឋាននគរបាលខេត្តចំនួន៣៧១នាក់ និងកម្លាំងកងរាជអាវុធហត្តខេត្តចំនួន៩០នាក់។

កម្លាំងទាំងអស់នឹងត្រូវបានដាក់ពង្រាយតាមគោលដៅធំៗទាំង៨ និងគោលដៅបន្ទាប់បន្សំនិងមានក្រុមប្រតិបត្តិការចល័តល្បាតផងដែរ។

ក្រុមគោលដៅនីមួយៗមិនត្រឹមមានភារកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ក្នុងករណីសង្ស័យត្រូវធ្វើការត្រួតពិនិត្យឆែឆេររកអាវុធជាតិផ្ទុះឬឧបករណ៍ទាំងណា ដែលនាំឲ្យបង្កអសន្តិសុខ ហើយកម្លាំងអស់និងចូលដល់គោលដៅចាប់ថ្ងៃទី១៣ស្អែកនេះតទៅ។

សូមរំឭកថា ដើម្បីអបរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ត្រូវនិងថ្ងៃទី១៣-១៦ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានបង្កើតព្រឹត្តិការណ៍សង្ក្រាន្តពោធិ៍សាត់ រយ:ពេល៤ថ្ងៃនៅលើបុរីវប្បធម៌កោះសំពៅមាស ដោយបានបង្កើតកម្មវិធីសម្តែងសិល្ប:របាំបុរាណ លេងល្បែងប្រជាបិយនានា ការប្រគុំតន្ត្រីសម័យរាំវង់ រាំក្បាច់ សារវ៉ាន់ឆ្នាំថ្មីជាដើម។

នៅពេលរាត្រីនឹងមានបាញ់កាំជ្រួចទ្រង់ទ្រាយធំផ្គុំគ្នាទាំង៤ទិសក្នុងពេលតែមួយ ចាប់ពីរាត្រីថ្ងៃទី១ដល់រាត្រីថ្ងៃទី៤ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូឆ្នាំថ្មី៕


ដោយសេង ប៊ុនធឿន